រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារ មន្ទីរអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅបន្ត

(រដ្ឋបាលខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅបន្ត នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ដើម្បីធានានូវសុខុមាលភាព និងប្រសិទ្ធិភាពនៃការសិក្សា យើងត្រូវពង្រឹងអភិវឌ្ឍសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល និងគ្រឹះស្ថានសិក្សា ព្រមទាំងរៀបចំផែនការស្ថិតិអប់រំ ការពង្រាយគ្រូបង្រៀនឲ្យបានដល់មូលដ្ឋាន ហើយនៅតាមគ្រឹះស្ថានសិក្សាស្អាត ការរៀបចំទុកដាក់ កង់ ម៉ូតូ អាហារដ្ឋាន មានបរិស្ថានសាលារៀនស្អាត (សាលារៀនមួយមានឡដុតសំរាមមួយ) មានទឹកស្អាតប្រើប្រាស់ មានបង្គន់អនាម័យសមរម្យ សួនធម្មជាតិក្នុងសាលារៀន សក្ដិសមជាទីកន្លែង​អប់រំបណ្ដុះ​គំនិតឲ្យស្អាតស្អំ ដើម្បីផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរបស់មនុស្ស ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូរ៉ូណា ជាដើម។

លើសពីនេះទៀត ឯកឧត្តមបន្ថែមទៀតថា យើងត្រូវបន្តការយកចិត្តទុកដាក់លើការពង្រីក សាលារៀនជំនាន់ថ្មីនៅគ្រប់កម្រិត និងសាងសង់អគារសិក្សាថ្មី ព្រមទាំងជួសជុលអគារសិក្សាទ្រុឌទ្រោម សាងសង់បន្ទប់ពិសោធន៍ វិទ្យាសាស្ត្រ បណ្ណាល័យ និងបន្ទប់កុំព្យូទ័រជាដើម។ ទន្ទឹមនឹងនោះ ឯកឧត្តម ជំរុញគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាឲ្យយកចិត្តទុកដាក់ដល់ការសិក្សា និងសហការជាមួយ លោកគ្រូអ្នកគ្រូ លើលទ្ធផល នៃការសិក្សារបស់សិស្ស បន្តពង្រឹងការរៀន និងបង្រៀនឲ្យបានពេញម៉ោង គ្រប់ម៉ោងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ជាពិសេស សូមលោកគ្រូ អ្នកគ្រូ ខិតខំជួយផ្សព្វផ្សាយអំពី​ច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀនជាដើម។

ចុងបញ្ចប់ ឯកឧត្តម សុខ លូ ក៏បានប្រគល់ប័ណ្ណសរសើរជូនលោកគ្រូ អ្នកគ្រូ និងនាយកសាលា ដែលមានស្នាដៃល្អក្នុងការបង្ហាត់បង្រៀនសិស្ស និងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងារក្នុងសាលារៀន។ ព្រមជាមួយនោះឯកឧត្តមក៏បានអញ្ជើញទស្សនាពិពរ័ណ៍ស្នាដៃសិស្សមកពីវិទ្យាល័យនានាទូទាំងខេត្ត និងការបង្ហាញការស្រាវជ្រាវ ច្នៃប្រឌិតបង្កើតប្រព័ន្ធស្វ័យប្រវត្តិដែលជារបកគំហើញថ្មីៗ៕

Related Post