រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ ប្រគល់ផ្ទះចំនួន៤ខ្នង និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹង ចំនួន៤ទីតាំងផ្សេងគ្នា នៅស្រុកចំនួនបី ក្នុងខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជាខេត្តកំពង់ធំ និងសហការី បានប្រគល់ផ្ទះថ្មីចំនួន៤ខ្នង ដែលទើបសាងសង់រួច មាន​ទំហំ៤x៦ម៉ែត្រ សាងសង់ពីឈើ រនាបក្រាលក្ដារ ជញ្ជាំងក្តារ និងដំបូលប្រក់ស័ង្កសី ដែលជាអំណោយរបស់​សាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន ៤ គ្រួសារ ទី១. ឈ្មោះ លាស់ សេន ភេទ ស្រី រស់នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ទី២. ឈ្មោះ ឌិន ម៉ៅ ភេទប្រុស រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៣. ឈ្មោះ ទឹម ថេត ភេទ ស្រី រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ខេត្តកំពង់ធំ និងទី៤. ឈ្មោះ វិញ ហុកស្រៀង ភេទប្រុស រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងផ្តល់អំណោយជូនដល់​ចាស់ជរា​គ្មានទីពឹងនិងបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤១គ្រួសារ បន្តទៀត ដោយមិនទុកឲ្យគ្រួសារ​ណាម្នាក់ខ្វះខាតស្បៀងនោះទេ ទីណាមានការលំបាកទីនោះមានមន្រ្តីកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។

ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់ យ៉ាង​ជ្រាលជ្រៅពី​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយ​ឡើយ។ ឯកឧត្តមបន្ថែមទៀតថា ក្នុងពេលថ្មីៗនេះ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែមានការ​រីករាលដាល​ទូទាំងពិភពលោក គួរឲ្យព្រួយបារម្ភ ជាពិសេសនៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាល​បានផ្ដល់​នូវថ្ងៃឈប់សម្រាក ចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ ព្រមទាំងអំពាវនាវ​ដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាអនាម័យជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែង​ទប់មាត់​នៅពេល​ក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាម​ខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្ត​នោះ​ទេ លើសពីនេះទៀត សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសអោយឆ្ងាយពីគ្រឿងញៀន ។

ចុងបញ្ចប់ឯកឧត្តម សុខ លូ ព្រមទាំងសហការី ប្រគល់ផ្ទះជូនប្រជាពលរដ្ឋទាំងបួនគ្រួសារ និងចែកអំណោយ​ដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេស ច្រាសដុះខោអាវ១ សាប៊ូ ១ដុំ ។

Related Post