រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះថ្មីចំនួន ៤ខ្នង និងចែកអំណោយមនុស្សធម៌ជូនគ្រួសារមានជីវភាពខ្វះខាត ចំនួន ៤១គ្រួសារ នៅស្រុកប្រាសាទសំបូរ

កំពង់ធំ ៖ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការី បានប្រគល់ផ្ទះថ្មីចំនួន ៤ខ្នង ជូនគ្រួសារខ្វះខាត ជួបការលំបាក និងផ្ដល់អំណោយជូនចាស់ជរា​គ្មានទីពឹង ស្ត្រីមេម៉ាយ និងគ្រួសារទីទល់ក្រ ចំនួ ៤១គ្រួសារ នៅ ៤ទីតាំងផ្សេងគ្នា ក្នុងឃុំសំបូរ និងឃុំតាំងក្រសៅ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ។
ក្នុងឱកាស​នោះ លោកជំទាវ ម៉េត រ៉ាវីចិត្រ បានមានប្រសាសន៍ថា ផ្ទះថ្មី និងគ្រឿងឧបភោគបរិភោគ ដែលយក​មក​ផ្តល់​ជូននាពេលនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែ​គិតគូរពីសុខទុក្ខ​និងជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់​នៅ​ជាមួយ មេរោគអេដស៍ជាដើម ដែលជានិច្ចកាលសម្តេចតែងតែគិតគូរគ្រប់ពេលវេលា។ ទោះបីជាអំណោយ​ទាំងនេះ​មាន​តិចតួចក្តី​ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ។

ជាមួយគ្នាដែរ លោកជំទាវ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពការពារខ្លួនការពារ​ជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត បរិស្ថានស្អាត ដើម្បីការពារពីជំងឺ គ្រុនឈីក ជំងឺគ្រុនឈាម ជាពិសេស បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្ត​តាមការណែនាំ​របស់​ក្រសួងសុខាភិបាល អំពីវិធានការការពារជីវិត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជីវិតខ្លួនយើង និងជីវិតអ្នកដទៃ។

នៅក្នុងឱកាសនោះ លោកជំទាវអនុប្រធានកិត្តិយស និងព្រមទាំងសហការី បានប្រគល់ផ្ទះថ្មី ចំនួន៤ខ្នង ដែលទើបសាងសង់រួច មានទំហំ៤x៦ម៉ែត្រ និងចែកអំណោយមនុស្សធម៌ជូន ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្ត្រីមេម៉ាយ គ្រួសារក្រីក្រខ្វះខាតចំនួន ៤១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេសកន្ទេល ឆ្នាំងដាំបាយ ឃីត១ កញ្ចប់ (មុង ភួយ សារុង ក្រមា អាវយឺត) ច្រាសដុះខោអាវ១ និងសាប៊ូ ១ដុំ។ សូមបញ្ជាក់ថា ផ្ទះថ្មីដែលបាន ប្រគល់ជូនគ្រួសារ​ដែលមាន​ជីវភាពខ្វះខាត ចំនួន ៤ គ្រួសារ ទី១ ឃីម រ៉េន ភេទស្រី រស់នៅភូមិជាំ ឃុំតាំងក្រសៅ ទី២ គឿន នីម ភេទប្រុស រស់នៅ ភូមិកូនក្អែក ឃុំសំបូរ ទី៣ រឿង វៃ ភេទប្រុសរស់នៅភូមិគោក ឃុំតាំងក្រសៅ ទី៤ សេង គី ភេទស្រី រស់នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

Related Post