រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំ ណែនាំ ស្តីពីការពង្រឹងរបៀបរបបការងារដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជា​អធិបតី​ក្នុងកិច្ចប្រជុំ ណែនាំ ស្តីពីការពង្រឹងរបៀបរបបការងារដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅ​សាលប្រជុំសាលាខេត្តកំពង់ធំ។

នៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបាន​ខិតខំ​ជួយ​ទប់ស្កាត់ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ មានការថយចុះ ហើយបញ្ហាផ្សេងៗ​ក៏មាន​ការថមថយជាបន្តបន្ទាប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូន​ប្រជាពលរដ្ឋ​បានល្អប្រសើរ។ ឯកឧត្តមបានបន្ថែមទៀតថា ការដឹកនាំនៅក្នុងអង្គភាពនីមួយៗ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិតជាមានសារៈសំខាន់ណាស់ ព្រមទាំងការគោរពវិន័យកងកម្លាំង ចេះសម្របសម្រួលគ្នា ចេះអធ្យាស្រ័យគ្នាទៅវិញទៅមក និងគោរពតាមផែនការដែលថ្នាក់លើប្រគល់ជូន ធ្វើយ៉ាងណាឲ្យការងារនៅ​ក្នុង​អង្គភាព​ប្រព្រឹត្តទៅដោយរលូនទៅមុខ និងមានការរីកចម្រើន។ លើសពីនេះទៀតឯកឧត្តម សុខ លូ បានបន្ថែមទៀតថា នៅពេលខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលបានផ្ដល់នូវថ្ងៃឈប់សម្រាក ចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ ឯកឧត្តមក៏បានអំពាវនាវដល់កងកម្លាំងទាំងអស់ សូមខិតខំបន្ត​ជួយ​ផ្សព្វផ្សាយ​អំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ បន្តជួយទប់ស្កាត់នូវបទល្មើសនេសាទ បទល្មើស​ព្រៃឈើ ជាពិសេសការកាប់រុករានដីព្រៃយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយកងកម្លាំងទាំងអស់ត្រូវដកខ្លួនចៀស​ឲ្យឆ្ងាយ ពាក់ព័ន្ធទៅនឹងបទល្មើសគ្រប់ប្រភេទ ត្រូវរួមគ្នាខិតខំពង្រឹងអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត។

ជាមួយគ្នានោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែន វិបុល ថ្លែងថា ឯកឧត្តមពិតជាមានការ​សោកស្ដាយ​ចំពោះអ្វីដែលបានកើតឡើងនៅក្នុងអង្គភាពស្នងការនគរបាលខេត្តកំពង់ធំ នេះចាត់ទុកជាបទពិសោធន៍មួយ​សម្រាប់​យើងទាំងអស់គ្នា។ ដូច្នេះយើងជាមន្ត្រីនគរបាល ត្រូវតែខិតខំពង្រឹងឡើងវិញនូវ របៀបរបបការងារ ក្នុងការដឹកនាំ ដោយអនុវត្តទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តម​បន្ថែមទៀតថា ចាប់ពីពេលនេះតទៅ សូមមន្ត្រីកងកម្លាំងនគរបាលទាំងអស់ ត្រូវទម្លាក់ចោលនូវគំនិតអវិជ្ជមាន ការប្រកាន់បក្សពួកនិយម ការញុះញង់ និងបំភ្លេចចោលនូវរឿងដែលមិនល្អពីមុនមក ត្រូវមករួមកម្លាំងគ្នា សាមគ្គីគ្នា ខិតខំយ៉ាងណាអភិវឌ្ឍន៍អង្គភាពអោយមានការរីកចម្រើន។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ចំពោះ​រឿងរ៉ាវ​ដែលបានកើតឡើងនៅក្នុងអង្គភាពស្នងការនគរបាលខេត្តកំពង់ធំនៅពេលនេះ ថ្នាក់ដឹកនាំនឹងខិតខំ​បន្ត​ចុះ​ស្រាវជ្រាវឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នកដែលពាក់ព័ន្ធនៅក្នុងរឿងនេះ និងសុំឲ្យមន្ត្រី​ទាំងអស់​រក្សានូវភាពស្ងប់ស្ងាត់ ។

Related Post