រដ្ឋបាលខេត្តកំពង់ធំ

SEARCH

យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី នៅស្រុកចំនួនពីរក្នុងខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): ស្របពេលដែលប្រទេសជាតិមានការរីកចម្រើន កំណើតយាន្តជំនិះបានកើនឡើងជា​បន្តបន្ទាប់ ទន្ទឹមនឹងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក៏បានកើតឡើងផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍នេះ នារសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សហការ​ជាមួយ​សាខាកាកបាទក្រហមកម្ពុជាខេត្ត និងនគរបាលចរាចរណ៍ខេត្ត បានបន្តយុទ្ធនាការអប់រំ​ផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម​ឆ្លើយ​សំនួរត្រូវ ក្នុងគោលបំណងដើម្បីបញ្ញាក់ស្មារតី ដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវ​ទាំងអស់ ឲ្យយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ស្ថិតនៅទីតាំងពីរផ្សេងគ្នា ទីតាំទី១ គល់ស្ពានស្ទឹងសែន សួនកុមារ ក្រុងស្ទឹងសែន ទីតាំងទី២ ជិតវិទ្យាល័យតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត គណ:កម្មាធិការសាខា​កាកបាទក្រហម​កម្ពុជាខេត្តកំពង់ធំ ព្រមទាំងសមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម នគរបាលចរាចរណ៍ផ្លូវគោក ក្រុង ស្រុក ខេត្ត ប្រមាណជិត ៣០០នាក់។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពី​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរ​យានយន្តគ្រប់ប្រភេទ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ​បើកបរ​ក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ លើសពីនេះទៀត ក្រុមការងារបានរៀបចំកម្មវិធី សំណួរចម្លើយ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីទទួលបាន​មួក​សុវត្ថិភាព និងរង្វាន់ផ្សេងទៀត ព្រមទាំងចែកជូននូវឯកសារពាក់ព័ន្ធ និងច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក​ថ្មី។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការទាំងពីរទីតាំងនេះ បានប្រើប្រាស់សម្ភារ និងឯកសារមួយចំនួន រួមមាន៖ ខិតប័ណ្ណ​ផ្សព្វផ្សាយចំនួន ៧៥០ក្បាល-សន្លឹក សៀវភៅឣប់រំមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ២៧០ ក្បាល មួកសុវត្ថិភាព ចំនួន ៤៧មួក ។

Related Post