រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំសាមញ្ញលើកទី ១៥ អាណត្តិទី ៣របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំសាមញ្ញ​លើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ឯកឧត្តមលោកជំទាវសមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ​សាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដែលមានរបៀបវារៈចំនួន ៤ រួម​មាន៖
១.ពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣.ពិនិត្យ និងអនុម័ត សេចក្តីសម្រេចដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា​ខេត្តកំពង់ធំ
៤.បញ្ហាផ្សេងៗ

របៀបវារៈទាំងបួនខាងលើនេះ ត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រម ពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធាក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់មន្ត្រីជំនាញ​ពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់ បញ្ហាបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទ​ខុសច្បាប់ ករណីល្បែងស៊ីសង និង សុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ហាផ្លូវថ្នល បញ្ហាស្លាកសញ្ញាចរាចរណ៍​ផងដែរ ។ លើសពីនេះទៀតឯកឧត្តមប្រធានបន្តទៀតថា ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលបាន​អនុញ្ញាតឲ្យ​ក្រសួង​អប់រំយុវជន​និងកីឡា បើកបវេសនកាលសិក្សាឡើងវិញ នៅគ្រប់គ្រឹះស្ថានសិក្សា ទាំងរដ្ឋ និងឯកជន ដែលតម្រូវឲ្យលោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាល ត្រូវធ្វើការផ្សព្វផ្សាយអំពីធីសាស្រ្ត​ក្នុងការការពារនៃការ​ឆ្លង​នូវ​ជំងឺកូវីដ១៩ ដែលជាជម្ងឺមួយដ៏កាចសាហាវ កំពុងតែរីករាលដាលនៅលើពិភពលោក ពុំទាន់មានថ្នាំ​ព្យាបាល​នោះទេ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានការព្រួយបារម្ភចំពោះសិស្សានុសិស្សដែល​ត្រូវចូលបវេសនកាល​សិក្សាឡើងវិញនៅពេលនេះ ព្រមទាំងសំណូមពរដល់លោកគ្រូអ្នកគ្រូគ្រប់កម្រិតទាំងសាលារដ្ឋនិងឯកជន សូម​អនុវត្តយ៉ាងតឹងរឹង នូវិធានការទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កុមារតូចៗ ពីរបៀបអនាម័យឱ្យបានស្អាតជាប់ជានិច្ច និង ការវាស់កម្តៅ ព្រមទាំងពាក់​ម៉ាស់​បាន​ត្រឹមត្រូវ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំង សមត្ថកិច្ចទាំងបី មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំបង្ក្រាបនិងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅ​ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសអង្គភាពពាក់ព័ន្ធត្រូវធ្វើការ​ពង្រឹង​បន្ថែម​ទៀត អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការរៀបចំដាក់ស្លាកសញ្ញាចរាចរណ៍ ជាដើម ដើម្បីរួមគ្នាគោរពច្បាប់​ចរាចរណ៍​និង​កាត់បន្ថយបាននូវ​គ្រោះថ្នាក់ចរាចរណ៍។

Related Post