រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បិត្តិរដ្ឋឆ្នាំគោល (២០១៩) និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិរបស់ អង្គភាពទូទាំង ខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ) ៖ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព នៅក្នុង​កិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ ការរៀបចំធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោល «២០១៩» និងជំរុញការ​ធ្វើប័ណ្ណកម្មសិទ្ធិរបស់ អង្គភាពទូទាំង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅ​សាលាខេត្ដកំពង់ធំ ។

ក្នុងកិច្ចប្រជុំនៅក្នុងនោះ ក៏មានការអញ្ជើញចូលរួមពី លោក ម៉ាក ចាន់តារា អនុប្រធាន​នាយកដ្ឋាន​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រតិភូអមដំណើរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ និងមេឃុំ-ចៅសង្កាត់ នៅទូទាំងខេត្តកំពង់ធំ ជាច្រើនរូប។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ លំ គន្ធារី បានលើកឡើងថា កិច្ចប្រជុំនេះ មានគោលបំណង​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការរៀបចំការចុះបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០១៩ ដោយតម្រូវឲ្យមន្ទីរ អង្គភាព រដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះទ្រព្យសម្បត្តិរដ្ឋ ជាពិសេស ដីរដ្ឋដែលមិនទាន់បានចុះ ក្នុងសៀវភៅបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រញាប់ប្រញាល់យកមកចុះបញ្ជី ឲ្យស្របតាមនីតិវិធី ហិរញ្ញវត្ថុ ដើម្បីជៀសវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬ ការបាត់បង់ជាយថាហេតុ ។

ជាមួយគ្នានោះដែរ លោកជំទាវ អភិបាលរងខេត្ត ក៏បានជំរុញដល់មន្ទីរអង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀតលើការងារនេះ និងត្រូវរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់ខ្លួន ដូចជា ដីធ្លីត្រូវចុះចូលក្នុងបញ្ជីឲ្យអស់ សំណង់អគារ សម្ភារបរ ក្ខារ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់​ផ្សេងៗ​ទៀតឲ្យបានទាន់ពេលវេលាដែលក្រសួងបានកំណត់ និង ត្រឹមត្រូវច្បាស់លាស់ជៀសវាងការក្លែងបន្លំដោយ​ចេតនា​ណាមួយនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ហើយជាពិសេសក៏សូមអោយមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវតែធ្វើការជម្រះបញ្ជី សារពើភណ្ឌនូវរាល់អគារចាស់ទ្រុឌទ្រោម សម្ភារដែលប្រើប្រាស់​លែង​កើតចេញពីបញ្ជីឲ្យអស់ ជៀសវាង កុំឲ្យមានតែតួលេខក្នុងបញ្ជី តែធាតុពិតពុំមានសម្ភារ​ទាំងអស់នោះ​ឡើយ។

ឆ្លៀតនៅក្នុងឱកាសនោះ លោក ម៉ាក ចាន់តារា អនុប្រធាននាយកដ្ឋានសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជំរុញដល់មន្ទីរ និងអង្គភាពសាម៉ី ចំណុះរដ្ឋបាលខេត្តកំពង់ធំ ត្រូវពន្លឿន ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ លើការងាររៀបចំធ្វើបញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ដើម្បីជៀសវាង ពីការរំលោភលើការកាន់កាប់ដោយខុសច្បាប់ ឬការបាត់បង់ដោយប្រការណាមួយ ដោយសារការមិនបាន ចុះក្នុងបញ្ជីដីធ្លី ដោយស្របច្បាប់នោះ។

ចុងក្រោយ លោក ម៉ាក ចាន់តារា បានបញ្ជាក់ថា សូមគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរ ដែលបានកាន់​កាប់​ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ទាំងនោះ ប្រកបដោយការ​ទទួល​ខុសត្រូវខ្ពស់ តាមរយៈការកត់ត្រាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ស្របតាមតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព៕

Related Post