រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន សប្បាយរីករាយក្រៃលែង ក្រោយទទួលបានសមិ្ធទិផលថ្មីនូវប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម

(រដ្ឋបាលខេត្តកំពង់ធំ): ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន សប្បាយរីករាយក្រៃលែង ក្រោយទទួលបានសមិ្ធទិផល​ថ្មីនូវប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល ជាប្រាក់កម្ចីរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងតម្លៃទឹកប្រាក់ចំនួន USD 12.761.907,54 គ្រោងនឹងសាងសង់រួចរាល់​រយៈពេល ៣ឆ្នាំ ខាងមុខនេះ (ចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែកក្កដា ឆ្នាំ២០២៣) ស្ថិតនៅ​ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែនខេត្តកំពង់ធំ ដែលទទួលសាងសង់ដោយក្រុមហ៊ុនសាងសង់ China First metallurgical Group Ltd. ។

ពិធីបើកការដ្ឋានសាងសង់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីបើកការដ្ឋាននោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ​ចំពោះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវ​ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មាន ០២អនុគម្រោង ទី១.ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ ២.៥០០ម៉ែត្រគីប ក្នុងមួយថ្ងៃ ការសាងសង់បំពង់លូទឹកស្អុយប្រវែងប្រមាណ ៣៩,២គីឡូម៉ែត និងបណ្តាញ​លូបង្ហូរទឹក​ប្រវែងប្រមាណ ១៧.១គីឡូម៉ែត។ ទី២. គម្រោងការសាងសង់ទីលានចាក់សំរាម ដែលមាន​សមត្ថភាព​ផ្ទុកបរិមាណ ៤៨.០០០ម៉ែត្រគីប និងការបំពាក់នូវរថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់ ដែលនឹងគ្រោងសាងសង់នៅពេលខាងមុខឆាប់ៗនេះ។

បន្លែមលើសពីនេះទៀត ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ខេត្តកំពង់ធំយើង ពិតជាមាន​សំណាងណាស់ ដែលទទួលបានគម្រោងនេះ សម្រាប់ពុកម៉ែបងប្អូនអ្នករស់នៅក្នុងខេត្តកំពង់ធំ ដែលកំពុងជួប​ការលំបាក នៅពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យមានការទឹកជនលិចផ្លូវ ដោយសារប្រព័ន្ធលូបង្ហូរទឹកស្អុយ​តូចចង្អៀត និងចាស់ទ្រុឌ្រោម ហើយប្រព័ន្ធលូមួយចំនួន មិនទាន់ត្រឹមត្រូវតាមស្តង់ដារនោះទេ ទាំងនេះគឺជា​បញ្ហា​កង្វល់របស់​រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានសំណូមពរដល់លោកប្រធានក្រុមហ៊ុនសាងសង់ សូមជួយពន្លឿននៃការ​សាងសង់​ព្រោះថាបើគ្មានប្រព័ន្ធលូរំដោះទឹកទេក្រុងស្ទឹងសែននិងមានការលិចដោយសារទឹកភ្លៀង ហើយ​ឯកឧត្តមបានដាស់តឿនទៅដល់មន្ត្រីសូរិយោដីសំណង់សូមឲ្យ​ពិនិត្យគ្រប់ជ្រុងជ្រោយនៅសំណង់ទាំង​ឡាយ​ណា​ដែល​​បានសាងសង់ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមានការរំលោភបំពាន​ទៅលើចំណីផ្លូវចាក់ដីខ្ពស់ជាងផ្លូវនឹងធ្វើឲ្យមានការកក់ស្ទះដោយគ្មានប្រព័ន្ធលូជាដើម ។

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ឲ្យមានការចូលរួមការ​សាងសង់​ព្រោះថាដំណើរការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងរឺទឹកកខ្វក់នេះ​គឺធ្វើទៅលើចំណីផ្លូវមុខ​ផ្ទះបងប្អូនហើយ​ការ​ដោះ​ស្រាយផលប៉ះពាល់ទាល់តែមានការចូលរួមពីបងប្អូនទើបក្រុមហ៊ុនសាងសង់អាចពន្លឿនបាន។

ជាមួយគ្នានេះដែរ លោក ជូ កុល្លា ប្រធានមន្ទីរសារធារណៈការនឹងដឹកជញ្ជូនខេត្តកំពង់ធំ​បានធ្វើរបាយការណ៍​សង្ខេបនៃការអនុវត្តគម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជូនគណអធិបតេយ្យ និងអ្នកចូលរួម។

Related Post