រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចែកជូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកបារាយណ៍

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នឹងបន្តចុះចែក​អំណោយតាមខ្នងផ្ទះបន្ថែមទៀតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។

ថ្លែងឱកាសនោះដែរឯកឧត្តម សុខ លូ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជានិច្ចជាកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងជាពិសេសនៅពេលដែលបងប្អូនកំពុងតែជួបនូវគ្រោះធម្មជាតិនៅពេលនេះ។

ឯកឧត្តមបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុកអំពីការរងគ្រោះ​ដោយជំនន់​ទឹកភ្លៀង​ដែល​លង់លិច​ផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម ឯកឧត្តមបានចុះមកពិនិត្យស្ថានភាព​ទឹកដោយផ្ទាល់ ប្រសិនបើលង់លិចខ្លាំងនឹងជម្លៀសបងប្អូនទៅរកទីទួលសុវត្ថិភាព ដោយមិនទុកឱ្យបងប្អូនណា​ម្នាក់ស្លាប់ដោយការលិចលង់ អត់ស្បៀងអាហារ និងប៉ះពាល់ដល់អាយុជីវិតឡើយ។

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅនិងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋសូម​ប្រុងប្រយ័ត្ន​ខ្ពស់ព្រោះនៅ​មានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀតជាពិសេសត្រូវ​មើល​ថែ​ក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការ​ការពារពី​សត្វអសិរពិសខាំ ឬទិចជាដើម ប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព និងត្រូវប្រញាប់​រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បី​ការពារ​សុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅ​ឲ្យរស់ឆ្ងាយ​ពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅពេលនេះរួមមាន: អង្ករ មី ត្រីខ តង់ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកសុទ្ធ។

Related Post