រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងអភិបាលខេត្តកំពង់ធំ បន្តចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៥០០គ្រួសារ នៅស្រុកស្ទោង

(រដ្ឋបាលខេត្តកំពង់ធំ): ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០០គ្រួសារ ស្ថិតនៅឃុំបន្ទាយស្ទោង និងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០នេះ។

ថ្លែងនៅក្នុងពិធីចុះសាកសួរសុខទុក្ខនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា នៅក្នុង​ខេត្តកំពង់ធំ មានភ្លៀងធ្លាក់ជាច្រើនមេបន្តបន្ទាប់ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងបណ្តាលឱ្យ លិចលង់ផ្ទះសម្បែង ប្រជាពរដ្ឋ ប៉ុន្តែមិនទាន់មានអ្វីធ្ងន់ធ្ងរនោះទេ និងបានធ្វើឱ្យផលដំណាំស្រូវរដូវវស្សាកំពុងតែពេញល្អ និងមាន​ការលិចលង់​តិចតួច។ ក្នុងនោះឯកឧត្តមក៏បានជំរុញឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត សហការ​ជាមួយនឹងរដ្ឋបាលស្រុកខិតខំចុះពិនិត្យវាយតម្លៃផលប៉ះពាល់ជាក់ស្ដែងទៅលើការខូចខាតដំណាំស្រូវវស្សា​របស់​​​​ប្រជាពលរដ្ឋដើម្បីត្រៀមពូជសម្រាប់ចែកជូនបងប្អូនក្នុងការយកទៅសាបព្រោះបង្កបង្កើនផលបន្ទាប់ពី​ទឹកស្រក​​ទៅវិញ។

ជាមួយគ្នានោះដែរឯកឧត្តម ថោង ខុន មានប្រសាសន៍លើកឡើងថា ថ្ងៃនេះ ឯកឧត្តមអញ្ជើញមកក្នុង​នាមតំណាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែមានក្តីនឹករលឹកចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូបនិងគ្រប់ទីកន្លែងជាពិសេសក្នុងកំឡុងពេលដែល​បង​ប្អូនប្រជាពលរដ្ឋកំពុងតែទទួលរងគ្រោះនៅជំនន់ទឹកភ្លៀងនៅពេលនេះ ព្រមទាំងបានផ្ដល់នូវអំណោយ​មួយចំនួន​​ជូនដល់ប្រជាពលរដ្ឋផងដែរ។ ថ្វីត្បិតតែអំណោយនេះតិចតួចក្ដី គឺជាការចូលរួមចំណែក​ជួយគ្នាក្នុង​គ្រា​​មានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។ លើសពីនេះទៀត​ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដូចជាអភិបាល ក្រុង ស្រុក លោកមេឃុំចៅសង្កាត់ លោកមេភូមិ ដែលបានខិតខំចុះមូលដ្ឋានដោយមិនខ្លាចនឿយហត់​ដើម្បីជួយ​បងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះជំនន់ទឹកភ្លៀងនៅគ្រប់ទីកន្លែង។

ចុងបញ្ចប់ ឯកឧត្តម ថោង ខុន ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្ត​ការយកចិត្ត​ទុកដាក់ថែរក្សា​សុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែ​រក្សា​សុខភាព​តាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យ ។ ទន្ទឹមនឹងនោះ​គណៈប្រតិភូ​ក៏បានចុះ​សួរសុខទុក្ខតាមខ្នងផ្ទះរបស់ប្រជាជនដែលទទួលរងផលប៉ះពាល់លិចទឹកផងដែរ។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំង ៥០០ គ្រួសារ ដោយក្នុង ០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូ មីជាតិ ១កេស ទឹកសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរ ទឹកសុីអុីវ ១យួរ និងថ្នាំពេទ្យ TIFFY ៥បន្ទះ។

 

Related Post