រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់ទឹកភ្លៀង ចំនួន២១២គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ ទទួលបានអំណោយ មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២០នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ​និងលោកជំទាវ ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​បង្កដោយជំនន់ទឹកភ្លៀង ចំនួន ២១២គ្រួសារ នៅទីតាំងផ្សេងគ្នា ទី១ នៅភូមិវាលថ្នល់ (ទួលចាក់ក្រញ៉ាញ់) ចំនួន ១៤៣គ្រួសារ និង ភូមិព្រិច ចំនួន ៦៩គ្រួសារ ស្ថិតនៅក្នុង​ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយ​យ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្ក​ដោយ​ការប្រែប្រួលអាកាសធាតុ ។

ជាមួយគ្នានោះលោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនជនរួមជាតិ៖
១.សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែត បណ្តោយឱ្យលេងទឹក ពីព្រោះវាអាច​បណ្តាលឱ្យ​បាត់បង់​ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់​សមាជិក​គ្រួសារ​ដោយសារ​ការធ្វេសប្រហែសនេះ។
២.សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បង​សម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣.នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះ​ឱ្យបាន​ស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗ​ក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារ​សេដ្ឋកិច្ច​គ្រួសារឡេីងវិញ។
៤.សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយ​អនុវត្តតាម​វិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី។

ជាមួយគ្នានោះឯកឧត្តម សុខ លូ ក្រោយពីបានទទួលដំណឹងពីលោកមេឃុំថា បងប្អូនមានការលិចលង់ភ្លាម ឯកឧត្តមបានចាត់អោយលោកអភិបាលស្រុករៀបចំបញ្ជីឈ្មោះដើម្បីនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេល​វេលា ដោយមិនទុកឱ្យបងប្អូនណាម្នាក់អត់ស្បៀងអាហារហូបនោះទេទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅរាល់ពេលធ្វើដំណើរ​តាម​ដងផ្លូវ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអុីវ ៦ដប និងឃីត១កញ្ចប់ (មុង១,ភួយ១, សារុង១, ក្រមា១ និងអាវយឺតចំនួន២)៕

Related Post