រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ផ្តល់ជូនស្រូវពូជផ្ការំដួល ចំនួន ២៩តោន ស្មើរនឹង ៣០០គ្រួសារ ដល់ប្រជាពលរដ្ឋរងការខូចខាតស្រូវដោយសារគ្រោះទឹកជំនន់ នៅស្រុកបារាយណ៍

(រដ្ឋបាលខេត្តកំពង់ធំ): ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានផ្តល់​ជូន​ស្រូវពូជផ្ការំដួល ចំនួន ២៩តោន ដល់ប្រជាពលរដ្ឋរងការខូចខាតស្រូវដោយសារគ្រោះទឹកជំនន់ នៅ ឃុំចំនួន៣ គឺឃុំបារាយណ៍ ឃុំឈូកខ្សាច់ និងឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្មើនឹង ៣០០គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ កសិកម្មខេត្តកំពង់ធំ បានអានរបាយការណ៍ សង្ខេបពាក់ព័ន្ឋនឹង ទំហំ នៃ ការខូចខាត ផលដំណាំ ដោយសារទឹកជំនន់ នៅក្នុងខេត្តកំពង់ធំ ដែលមានផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២០នេះ សរុបចំនួន ២៣២.៥២៩ហិចតា រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងចំនួន ១៨.៨៥០ហិចតា ខូចខាត ទាំងស្រង់ចំនួន ១០.៣៣៥ហិចតា ស្មើ នឹង ១២០៩៩ គ្រួសារ អាចស្តារបានចំនួន ៦៩៧៨ហិចតា ស្មើ នឹង ៥៨៧៧ គ្រួសារ ។

ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និងគិតគូរ ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយ​ឧបត្ថម្ភដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក ព្រមទាំង​ចាត់តាំង​ឱ្យក្រុមការងាររបស់សម្ដេចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យចុះទៅជួបបងប្អូន​ប្រជាពរដ្ឋ​ដោយ​ផ្ទាល់ ដើម្បីជួយសង្គ្រោះ និងរំដោះ បងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែម​ទាំងបានផ្ដល់​ស្បៀង​អាហារ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់មួយចំនួន ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារ​ស្លាប់​ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ និងសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានស្រូវពូជនេះ សូមយក​ទៅធ្វើការបង្កបង្កើនផលឲ្យបានគ្រប់ៗគ្នា ត្រូវខិតខំដាំដំណាំបន្លែបង្ការរួមផ្សំជុំវិញផ្ទះ ព្រមទាំងថែរក្សា​នូវ​សុខភាព និងសម្អាតអនាម័យជុំវិញផ្ទះផងដែរ។

ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងនៅ​ក្នុងពិធីចែកពូជ​ស្រូវផ្ការំដួលថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា នឹងកាត់​បន្ថយ​ភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិ សង្គ្រាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំង​ដោះស្រាយ​​បញ្ហាប្រឈម ពីគ្រោះទឹកជំនន់ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា នឹងប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាបន្ន នឹងការប្រែប្រួលអាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវ​ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់គ្រង យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារ៕

Related Post