រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៣ ប្រចាំឆ្នាំ ២០២០ នៅស្រុកប្រាសាទសំបូរ

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ លើកទី២ អាណត្តិទី ៣ ប្រចាំឆ្នាំ ២០២០ នៅសាលា​ស្រុកប្រាសាទសំបូរ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំង​ទាំង៣ ប្រធានមន្ទីរអង្គភាពជំនាញក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ភូមិ និងប្រជាពលរដ្ឋ​ជាច្រើនរូប។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម ឈុន ឈន់ ប្រធាន ក្រុមប្រឹក្សា ខេត្ត បាន លើកឡើងថា វេទិការផ្សព្វផ្សាយនិង​ពិគ្រោះយោបល់ថ្ងៃនេះគឺជាការផ្ដល់ឱកាសជូនប្រជាពលរដ្ឋបានអាស្រ័យទាក់ទងគ្នាទៅវិញទៅមកជាមួយនឹង​រដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាលឃុំសង្កាត់តំណាងសង្គមស៊ីវិលនិងវិស័យឯកជនដើម្បីផ្លាស់ប្ដូរ​បទពិសោធន៍និងផ្ដល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តកំពង់ធំប្រកបដោយចីរភាពនិងប្រសិទ្ធភាព ហើយ​រាល់​បញ្ហានិងសំណូមពរអនុសាសន៍នានាសម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាននៃខេត្តកំពង់ធំនេះ ព្រោះ​យើង​ទាំងអស់គ្នាចង់បាននូវការផ្ដល់សេវាសាធារណៈអំពីរដ្ឋបាលខេត្តរដ្ឋបាលក្រុងរដ្ឋបាលស្រុករដ្ឋបាល​ឃុំសង្កាត់​ឲ្យកាន់តែល្អប្រសើរ។

នៅឱកាសនោះដែរ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា សូមយើងទាំងអស់​គ្នារួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីគុណភាពនៃការទទួលបានព័ត៌មាន អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធ​និងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបទល្មើសគ្រប់រូបភាព ត្រូវតែខិតខំដោះស្រាយនូវសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង ឱ្យបានរួសរាន់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើ​ឱ្យវេទិកា​សាធារណៈទទួលបាននូវគុណ ប្រយោជន៍ក្នុងការឆ្លើយតបពិត និងអោយស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។ឯកឧត្តម បានបន្ថែមថា សូមរួមចំណែកជាមួយគ្នាដើម្បីដោះបញ្ហា​ដែលនៅ​សេសសល់​ដូចជាដោះស្រាយនូវការពិតៗ នៅនឹងមូលដ្ឋាន ការងារបង្កបង្កើនផល និងដោះស្រាយនូវ​ហេដ្ឋារចនាសម្ព័ន្ធរូបវន្តទាំងឡាយដែលមានការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ រួមគ្នាដោះបញ្ហាបន្តទៀត ដោយយើងមិនត្រូវទម្លាក់កំហុសលើអ្នកណាម្នាក់នោះទេពីព្រោះបញ្ហានេះវាមិនមែន​កើតឡើងតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោក ។

ចុងក្រោយឯកឧត្តម ឈុន ឈន់ ក៏បានក្រើនរំលឹកដល់អង្គវេទិការទាំងមូលព្រមទាំងប្រជាពលរដ្ឋទំាងអស់ សូមមានការប្រុងប្រយ័ត្នក្នុងការធ្វើដំណើររតាមដងផ្លូវត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់​អធ្យាស្រ័យ​ឲ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខសុវត្ថិភាពទាំងអស់គ្នា ពិសេសរួមគ្នាបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជ​រដ្ឋាភិបាល​កម្ពុជា។

សូមជម្រាបថា ក្នុងអង្គវេទិកានេះ ប្រជាលពរដ្ឋបានលើកឡើងនូវសំណួរ និងសំណូមពរ ចំនួន២៨ ដើម្បីឱ្យ ក្រុមការងារ ធ្វើការឆ្លើយតប និងដោះស្រាយបញ្ហាជូនពួកគាត់មានដូចជា៖ -ការអនុវត្តគោលនយោបាយ​ភូមិឃុំមាន​សុវត្ថិភាព -ការងារអភិវឌ្ឍន៍មូលដ្ឋាន ,ការផ្តល់សេវាសាធារណ: -ការធ្វើអត្តសញ្ញាណប័ណ្ណ ,ការចុះសំបុត្រអត្រានុកូលដ្ឋាន ,ការងារដីធ្លី និងការងារសាងសង់សំណង់,អគ្គសនី,ប្រព័ន្ធប្រឡាយទឹក -បញ្ហាកន្លែងដាក់សំរាម និងសំរាមនៅក្នុងផ្សារជាដើម។ អង្គវេទិការបានឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាខាងលើ ត្រូវបានក្រុមការងារថ្នាក់ខេត្ត ពិសេសមន្ត្រីជំនាញបានធ្វើការ ឆ្លើយតបបំភ្លឺ និងដោះស្រាយជូនភ្លាមៗផងដែរ ៕

Related Post