រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រៀបចំ​កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២០ និងលើកទិសដៅការងារ២០២១ របស់​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្មពិសេស អនុប្រធានទី១ គ.ជ.គ.ម និងជាអគ្គលេខាធិការ ស.អ.ក ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំថ្លែងថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺការរួម គ្នាគិតគូរស្រោចស្រង់អាយុជីវិតប្រជាពលរដ្ឋ និងជួយដោះស្រាយឱ្យចំគោលដៅ និងទាន់ពេលវេលា ដោយមិន​ទុក​ឲ្យប្រជាជនណាម្នាក់ស្លាប់ដោយខ្វះការទទួលខុសត្រូវ និងពុំបានជួយដោះស្រាយនោះឡើយ។ ជាមួយនេះ ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវផ្តើមចេញពីបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ចូលរួមអនុវត្តការត្រៀមបង្ការគ្រោះ មហន្តរាយ ដើម្បីការរស់នៅដោយសុវត្ថិភាព និងភាពធន់គ្រោះមហន្តរាយ ដោយយកចិត្តទុកដាក់ប្រតិបត្តិ តាម​វិធានការ ទាំងឡាយដែលក្រសួងស្ថាប័នមានសមត្ថកិច្ចបានដាក់ចេញ។ ឯកឧត្តមបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ​២០២០នេះ ខេត្តកំពង់ធំ ករណីគ្រោះទឹកជំនន់៖ ក្នុងនោះមាន មនុស្សស្លាប់ដោយសារលង់ទឹកមានចំនួនសរុប ០៩នាក់, ប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ១១.៦៩៥ខ្នង, ប៉ះពាល់​ដំណាំ​ស្រូវចំនួន ១៨.៨៥០ហិកតា, ដំណាំស្រូវខូចខាតចំនួន ៣៣៥ហិកតា ស្មើនឹង ១២.៣៦៥គ្រួសារ, ដំណាំរួមផ្សំ​ចំនួន ៣៤២ហិកតា, ខូចខាត​ផ្លូវកៅស៊ូប្រវែង ៩.៧០០ម៉ែត្រ, លិចផ្លូវគ្រួសក្រហមប្រវែង ៥៩.១៩៦ម៉ែត្រ, ទំនប់ចំនួន ០៨កន្លែងស្មើនឹង ៤.២០០ម៉ែត្រ, លិចផ្លូវដីសប្រវែង ៨.៣៨៤ម៉ែត្រ, លិចប្រឡាយ ឬប៉ះពាល់លូចំនួន ១៨កន្លែង, លិចមណ្ឌល​សុខភាព ឬប៉ុស្តីសុខភាពចំនួន ០១កន្លែង, លិចសាលារៀនចំនួន ៤១សាលា, ប៉ះពាល់ស្ពានចំនួន ០៤ កន្លែង, ខូចខាតស្ពានឈើចំនួន ០១កន្លែង, ជម្លៀសសត្វពាហនៈចំនួន ៦.០១១ក្បាល។

ទន្ទឹមនឹងនោះដែរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម បានសម្តែង​នូវការកោត​សសើរ​និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការខិតខំរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងសមាគមអតីតយុទ្ធជនខេត្ត ចំពោះ​អ្នកពាក់ព័ន្ធ​ទាំងអស់ដែលខិតខំជួយសង្គ្រោះលើកិច្ចការងារនេះ ដោយបាន​បំពេញ​មុខនាទី​របស់ខ្លួនបាន​ល្អប្រសើរ ពេលមាន ហេតុការណ៍កើតឡើង ខេត្តម្ចាស់ការចុះទៅដោះស្រាយភ្លាមបានទាន់ពេលវេលា។

ជាក់ស្តែងឆ្នាំ២០២០ ប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ត្រូវទទួល​រងការ​គម្រាមកំហែងពីជំងឺរាតត្បាតសកលកូវីដ-១៩ ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស សហគមន៍ និងសេដ្ឋកិច្ច ហើយ​នៅ​កម្ពុជាមិនត្រឹមតែកើតមានជំងឺកូវដ-១៩ ប៉ុណ្ណោះទេ គឺ ឆ្នាំនេះឥទ្ធិពលព្យុះ បានបង្ករអោយ​ជំនន់​ទឹកភ្លៀង​យ៉ាង​ធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ក៏បានធ្វើការណែនាំដល់គ្រប់មន្ត្រី និងអ្នកពាក់ព័ន្ធ​ត្រូវរួមសហការ​គ្នា​ត្រៀម​ឆ្លើយតបក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះ​ដោយគ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងៗឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

Related Post