រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំខួប ៦៦ឆ្នាំ ទិវាកំណើតកាកបាទក្រហមកម្ពុជា

(រដ្ឋបាលខេត្តកំពង់ធំ): សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានរៀបចំខួប ៦៦ឆ្នាំ ទិវាកំណើត​កាកបាទ​ក្រហមកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។

បន្ទាប់ពីឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានអានប្រវត្តិនៃការ​កកើតសាខា​កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំរួចមក ឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមអំពីរបត់​នៃ​ប្រវត្តិសាស្ត្រ និងការដឹកនាំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលបានជួយក្នុងវិស័យការងារ​មនុស្ស​ធម៌ ជួយជនរងគ្រោះ ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ស្ត្រីផ្ទុកមេរោគអេដស៍ ជាដើម។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរចំពោះមន្ត្រីបង្គោល ក្រុម​ប្រតិបត្តិ​សាខា យុវជនកាកបាទក្រហម យុវជនសសយក ក្រុមកាយរឹទ្ធិ អ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករ ជាកម្លាំងចលករ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិស័យការងារមនុស្សធម៌នេះ ឈានដល់កម្រិត​អភិវឌ្ឍន៍​គួរឲ្យកត់​សម្គាល់ទាំងនៅថ្នាក់កណ្ដាលសាខា និងអនុសាខា។ ហើយនៅព្រឹកនេះដែរយើងក៏មានការបំពាក់នូវ​កន្សែង មួក និងឯកសណ្ឋាន ជូនដល់យុវជនស្ម័គ្រចិត្តចំនួន ១០៨ នាក់ គឺជាកម្លាំងស្នូលដែលយើង​មិនអាច​ខ្វះបាន ដូច្នេះសូមក្មួយក្មួយៗ ខិតខំយកចិត្តទុកដាក់ ពង្រឹងស្មារតីជាចំហរ ធ្វើការងារមនុស្សធម៌នេះ ដើម្បី​ជួយជាតិមាតុភូមិក្នុងនាមជាយុវជនកាកបាទក្រហម ដោយមិនមានទទួលបានប្រាក់កម្រៃឬផល​ប្រយោជន៍ណា​មួយ​នោះទេ។

ឯកឧត្តមបន្ថែមទៀតថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអាចធ្វើសកម្មភាពគ្រប់​ទីកន្លែងបានដោយ​សារ​​ការជួយជ្រោមជ្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកឧកញ៉ាសប្បុរសជន នានា ទាំងអស់ក្នុងខេត្តនិងក្រៅខេត្ត ដែលបានផ្ដល់ជាថវិកានិងសម្ភារៈ ព្រមទាំងលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួម​ធ្វើសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ សម្រាប់ជួយដល់ លោកតាលោកយាយពុកម៉ែបងប្អូន​ដែលមានជីវភាព​ខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយសាងសង់ផ្ទះជូនដល់អ្នកមិនមាន​ផ្ទះសម្បែង​ពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។

ឯកឧត្តម សុខ លូ បានអំពាវនាវ ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឲ្យមានការចូលរួម​ការពារទប់ស្កាត់​ការជួញដូរ និងចែកចាយគ្រឿងញៀន ហាមមិនឲ្យក្មួយៗទាំងអស់សាកល្បង ប្រើប្រាស់គ្រឿងញៀន នោះ​ទេព្រោះ​គ្រឿងញៀនបានបំផ្លាញអនាគតគ្រួសារ និងបំផ្លាញសង្គមជាតិ។

ឯកឧត្តម សុខ លូ បានសំណូមពរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្​រាគ្រោះ​ថ្នាក់ចរាចរណ៍ ពេលបើកបរយានយន្តសូមឲ្យពាក់ខ្សែក្រវាត់ពាក់មួកសុវត្ថិភាព និងបានសំណូមពរដល់​បងប្អូន​ប្រជាពលរដ្ឋ មន្រ្តីរាជការទាំងអស់ ចូលរួមការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Related Post