រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលមានជីវភាពខ្វះខាតនៅក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកតាំងគោក ទទួលបានអំណោយមនុស្សធម៌ និងផ្ទះថ្មីចំនួន ៣ខ្នង ពីសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ): ប្រជាពលរដ្ឋចំនួន ៦០គ្រួសារ ដែលមានជីវភាពខ្វះខាត ទទួលបានអំណោយ​មនុស្សធម៌ និងផ្ទះថ្មីចំនួន  ៣ខ្នង ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំង​សហការី នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទីតាំងបីផ្សេងគ្នា រួមមាន ក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះនោះដែរ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហម​ខេត្ត​កំពង់ធំ បានពាំនាំនូវក្តីនឹករលឹករបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ដែលតែងតែគិតគូរនិងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនមាន​ការ​ប្រកាន់​នូវនិន្នាការ​នយោបាយ ពណ៌សម្បុរ ជាតិសាសន៍នោះទេ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលតែងតែគាំទ្រទាំងស្មារតី និងសម្ភារ: ដែលជាកត្តាជួយអោយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអាចបន្តជួយបងប្អូនប្រជាពលរដ្ឋ​ដែល​មានជីវភាពខ្វះខាត ព្រមទាំងជំរុញដល់អនុប្រធានសាខាកាកបាទក្រហមស្រុក លោកមេឃុំ មេភូមិ សូមខិតខំចុះសួរសុខទុក្ខពុកម៉ែបងប្អូនណាដែលកំពុងជួបការលំបាក ប្រសិនបើមិនមានលទ្ធភាពជួយទេ សូម​រាយការណ៍មកសាខាកាកបាទក្រហមខេត្ត ដើម្បីចុះមកជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច ដោយមិនទុកឱ្យប្អូនណាម្នាក់អត់​ស្បៀង​អាហារនោះទេ ។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅតាមបែប​គន្លងថ្មី ត្រូវពាក់ម៉ាសការពារនៅពេលចាំបាច់ ឧស្សាហ៍លាងសម្អាតដៃឲ្យបានញឹកញាប់ មិនត្រូវមាន​ការជួប​ជុំ​គ្នា​នោះទេ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ​ឲ្យបាន​គ្រប់ៗគ្នា ត្រូវរក្សានូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីទទួលបាននូវសុខភាពល្អ ជាពិសេស​ត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដ១៩ ដែល​​កំពុង​តែរីករាលដាលទូទាំងសកលលោក ។ ម្យ៉ាងវិញទៀតសូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ទាំង​អស់​គ្នា ការបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ ជិះរថយន្តត្រូវពាក់ខ្សែក្រវាត់ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន ហើយសូមចាត់ទុកថារឿងនេះគឺជារឿងរបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យូរ មី ១កេស និងឃីដ ១កញ្ចប់ សម្រាប់ម្ចាស់ផ្ទះបន្ថែមនូវ ឆ្នាំង ២ ធុងចម្រោះ ១ និង កន្ទេល ១ ផងដែរ។

Related Post