រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្ដម ងួន រាសី និងឯកឧត្តម សុខ លូ នាំយកអំណោយ​ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ជូន​រដ្ឋបាលស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ដើម្បីគាំទ្រក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អមដំណើរជាមួយឯកឧត្ដម ងួន រាសី នាយក ខុទ្ទកាល័យ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាននាំយក ម៉ាស់ចំនួន ២០កេសធំ មីខ្លាឃ្មុំចំនួន ១០០កេស អាល់កុលចំនួន ១០កាន ត្រីខកំប៉ុងចំនួន ១០កេស អង្ករ ១៥បេ ស្មើនឹង ៧៥០គីឡូក្រាម និង​ទឹកសុទ្ធ​ចំនួន ១០០០យួរ ជូនដល់រដ្ឋបាលស្រុកស្ទោង ស្រុកប្រាសាទបល័្លង្ក និងស្រុកកំពង់ស្វាយ ដើម្បីគាំទ្រ​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីប្រគល់អំណោយនោះដែរ ឯកឧត្តម ងួន រាសី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ​ពី​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ​ក្រុម​ការងារ​ទាំង​អស់ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅពេលនេះ ព្រមទាំងកោត​សរ​សើរ​អាជ្ញាធរ​មូល​ដ្ឋាន​និងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួននៅក្នុងដំណាក់​កាល​កូវីដនេះ ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែមិនត្រូវភ្លេចការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជ​រដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានជំរុញដល់អាជ្ញាធរស្រុក នៅក្នុងអំឡុងពេលបិទផ្សារ និងបិទភូមិមួយ​ចំនួន​ដែលបានឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយត្រូវយកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នក​វិជ្ជមាន​កូវីដ១៩ ត្រូវទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅតាមមណ្ឌលដែលរដ្ឋបាលស្រុកបានត្រៀម​រៀបចំ​រួចជាស្រេច ត្រូវធ្វើចត្តាឡីស័កនៅតាមទីតាំងដែលអាជ្ញាធរបានរៀបចំ និងនៅតាមផ្ទះ ។ ទន្ទឹមនឹងនោះ​ឯកឧត្តម សុខ លូ សំណូមពរដល់អាជ្ញាធរស្រុក ខិតខំយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែល​កំពុងធ្វើចត្តាឡីស័ក ត្រូវបិទលេខទូរសព្ទអាជ្ញាធរនៅតាមផ្ទះ ដើម្បីពួកគាត់ងាយស្រួលផ្ដល់ព័ត៌មាន​នៅពេល​មាន​​បញ្ហា​កើតឡើងបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសត្រូវចុះស្រង់​ទិន្នន័យប្រជាពលរដ្ឋមាន​ជីវភាព​ខ្វះខាត​អំឡុងពេលបិតខ្ទប់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់អំណោយជាគ្រឿងឧបភោគ​បរិភោគ ដើម្បីជួយសម្រួលដល់ជីវភាពទុកលំបាកប្រចាំថ្ងៃរបស់មួយពួកគាត់។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលស្រុកទាំង៣ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះ​ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ក៏ដូចជាថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលមានចិត្តសប្បុរសធម៌ នាំយកនូវគ្រឿង​ឧបភោគ​បរិភោគ និងសម្ភារៈការពារកូវីដ មករដ្ឋបាលស្រុក ដើម្បីធ្វើសកម្មភាពការងារទប់ស្កាត់ជំងឺកូវីដ១៩ ។

Related Post