រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពកម្មវិធីសម្ភោធកាត់ខ្សែបូ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ អគារទីទួលសុវត្ថិភាពទឹកជំនន់ នៅស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)÷ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋ​មន្ត្រី ទទួល​បន្ទុកបេសក​កម្ម​ពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​គណៈប្រតិភូអម​ដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោក ការីម៉ាកា អាក្សីស៊ី (ឧបទូត​នៃស្ថានទូតជប៉ុន) លោកស្រី Claire Conan នាយិកាប្រចាំ​ប្រទេសអង្គ​ការ​កម្មវិធីស្បៀងអាហារពិភពលោក ឯកឧត្តមលោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត អភិបាលស្រុក លោកមេឃុំ/មេភូមិ ប្រជាការពារ និងបងប្អូនជាពលរដ្ឋ ស្ថិតនៅវត្តខ្សាច់ដីរស់ ភូមិខ្សាច់ដីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តម សុខ លូ​ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ចំពោះទីទួល​សុវត្ថិភាពក្នុងខេត្តកំពង់ធំមានចំនួន០២ទីតាំងគឺ៖
១.ទីទួលសុវត្ថិភាពស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ដែលមានប្រវែង បណ្ដោយ ៥២,២៥ម៉ែត្រ និងទទឹងប្រវែង ៣២,២៥ម៉ែត្រ ផ្ទៃក្រឡា ១៦៨៥,០៦ ម៉ែត្រការ៉េដែលអាច ផ្ទុកមនុស្សបានចាប់ពី ៥០០ ទៅ ៦០០ នាក់ ត្រូវបានបំពាក់ដោយបន្ទប់ទឹក ផ្ទះ បាយ ឃ្លាំង បណ្តាញអគ្គិសនី។
២.ទីទួលសុវត្ថិភាពស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែល​បានសាង​សង់រួច​គឺ​មា​នប្រវែងទទឹង ២៦ម៉ែត្រ និងបណ្តោយ ៣៤ម៉ែត្រ អាចផ្ទុកមនុស្ស បានចំនួន ១៥០នាក់ ទៅ ២៥០នាក់ ដែលត្រូវបានបំពាក់ដោយបន្ទប់ទឹក ផ្ទះបាយ ឃ្លាំង បណ្តាញអគ្គិសនី ទីទួលសុវត្ថិភាពទាំងពីរទី​តាំងនេះ​ត្រូវបាន​សាងសង់រួចជាស្ថាព ដែលមាន ការជួយគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុនទទួលបានតាមរយៈអង្គការ​ស្បៀង​អារហារពិភពលោក (WFP)។

ឯកឧត្តមក៏បានបន្តទៀត មណ្ឌលទីទួលសុវត្ថិភាពគឺមានគោលដៅពីរធំៗគឺ៖ ពេលដែលមានទឹកជំនន់ អាចធ្វើ​ការ​ជម្លៀស​ប្រជាពលរដ្ឋមករស់នៅក្នុងមណ្ឌលទីទួលសុវត្ថិភាព ។ ប្រសិនបើមិនមានទឹកជំនន់កើនឡើង អាច​ប្រើ​ប្រាស់​​មជ្ឈមណ្ឌលដើម្បីផ្តល់សវាសង្គម សេវាសុខាភិបាល និងសេវាផ្សេងៗទៅតាមអ្វីដែលអាច​ប្រើប្រាស់​បាន ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជា អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា ដោយមានការបម្រែ​បម្រួល​អាកាស​ធាតុជាសកល បូករួមនឹងកត្តាភូមិសាស្ត្រ និងកត្តា បន្ទាប់បន្សំ ផ្សេងៗផងនោះ បានជួបប្រទះ​នូវគ្រោះ មហន្តរាយមួយចំនួន នាពេលកន្លងមក នេះដូចជា៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ អគ្គីភ័យ ដែលធ្វើឲ្យ ប៉ះពាល់ដល់វិស័យកសិកម្ម វិស័យសង្គម និងវិស័យនានា។ ជាក់ស្ដែងរាជរដ្ឋាភិបាលជប៉ុន ដែលបានសហការ​មូលនិធិគាំទ្រតាមរយៈអង្គការស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា រួមទាំង​ទទួលបានការសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងគណៈកម្មាធិការខេត្ត ព្រមទាំង​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងកសាងសង់ទីទួលសុវត្ថិភាព ដើម្បីដាក់ឲ្យប្រជាពលរដ្ឋជម្លៀស នៅពេលមានគ្រោះទឹកជំនន់ ។

ជាចុងក្រោយឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជួយ​ថែរក្សាអគារទីទួលសុវត្ថិភាពទាំងពីរនេះឲ្យបានល្អប្រសើរឡើង ព្រមទាំងរក្សានូវ (បីកុំបីការពារ និងពីរចូលរួម) តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

Related Post