រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សុខ លូ នាំយកអំណោយមនុស្សធម៌របស់សាខា​កាកបាទក្រហម​កម្ពុជាខេត្តកំពង់ធំ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ខ្យល់កន្ត្រាក់ចំនួន ៧៣ខ្នងផ្ទះ នៅស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ

(រដ្ឋបាលខេត្តខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ និង​សហការី បានអញ្ជើញចុះជួបសំណេះ​​សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ​មនុស្សធម៌របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ធំ ផ្តល់ជូនប្រជាពលរដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៧៣ខ្នងផ្ទះ នៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១:៤០នាទី ថ្ងៃទី០២ មិថុនា ២០២១ បណ្តាលអោយររលំ របើក​ដំបូលក្បឿង ដំបូលសង្កសី ចំនួន ៧៣ខ្នងផ្ទះ ក្នុងនោះស្រុកប្រាសាទសំបូរ ១៤ខ្នងផ្ទះ និងស្រុកកំពង់ស្វាយ ចំនួន ៥៩ខ្នងផ្ទះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានចូលរួម​សម្តែងការសោកស្តាយជាខ្លាំង ជាមួយ​ក្រុមគ្រួសារ​រងគ្រោះ​ទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការរបើក​ដំបូលនិងបង្កឲ្យ​មានគ្រោះថ្នាក់​រហូតដល់​បាត់បង់​​អាយុជីវិត​ព្រមទាំង​រងរបួសជាច្រើននាក់ ដែលមិននឹក​ស្មានដល់ ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តកំពង់ធំ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា ដែលតែងតែ​យកចិត្តទុក​ដាក់​គិតគូរចំពោះ​សុខទុក្ខប្រជា​ពលរដ្ឋគ្រប់រូប ជន​រង​គ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងតែចាត់តំណាងអោយចុះសាកសួរសុខទុក្ខ និង ផ្តល់ជំនួយ​សង្រ្គោះទាន់បានទាន់​ពេលវេលា ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជានិច្ច ” ។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នអោយ​បាន​គ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់​ការពារពីការ​ឆ្លងនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត​វិធានការ ” ៣ការពារ ៣កុំ និង ២ចូលរួម ” របស់រាជរដ្ឋាភិបាល និងចូលរួមអនុវត្តអោយ​បានខ្ជាប់ខ្ជួនតាមសារ​ណែនាំ​នានារបស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ខ្សែ​ចម្លង កុំអោយជំងឺកូវីដ-១៩ ដែលជាឃាតកគ្មានស្រមោល ដ៏កាចសាហាវនេះ ឆ្លងចូលគ្រួសារ និងសហគមន៍ យើង ។

នៅក្នុងដំណើរថ្ងៃដដែលនោះលោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានគណៈកម្មា​ធិការ​សាខា​កាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញបន្ដទៅ​សាកសួរ​សុខទុក្ខប្រជាពលរដ្ឋដែល​ទទួលរងគ្រោះ​ដោយសារខ្យល់កន្ត្រាក់​រលំផ្ទះបណ្ដាល​ឲ្យបាក់ដៃដែលកំពុងសម្រាកព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែកកំពង់ធំផងដែរ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង៧៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖
អង្ករ ២៥គក្រ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឆ្នាំងចំនួន ១ គូរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ តង់កៅស៊ូចំនួន១ និងថវិកាមួយចំនួនផងដែរ។

Related Post