រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជាង ១២លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកខ្វក់និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្ទឹងសែន

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៧ ខែ កក្តដា ឆ្នាំ ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ច​ប្រជុំ​ត្រួតពិនិត្យ និងពង្រឹងការអនុវត្ត​គម្រោងសាងសង់​ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ក្នុង​ក្រុងស្ទឹងសែន ដើម្បីធានាបាន​គុណភាព​ល្អ និងមានផ្លូវក្នុងក្រុងទូលាយ នៅថ្ងៃអនាគត ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជាដែល​បានផ្តល់គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ​ប្រព្រឹត្តកម្មទឹក​កខ្វក់ដល់ខេត្តកំពង់ធំ។ ឯកឧត្តម​​​បន្ថែម​ទៀតថា គម្រោងនេះ គឺជាគម្រោង​របស់រាជរដ្ឋាភិបាល​ដែលជាប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយចំណាយថវិកាសរុបជាង ១២លានដុល្លារ ក្នុងនោះបានប្រើប្រាស់​ប្រព័ន្ធលូជាង ២២គីឡូម៉ែត្រ និងហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ​ទៀត​ជាច្រើន។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានសំណូមពរដល់ក្រុមហ៊ុនម៉ៅការសាងសង់ សូមឱ្យពន្លឿនការសាងសង់ ព្រោះថា ខែនេះជារដូវវស្សា បើគ្មានប្រព័ន្ធលូរំដោះទឹកទេ ក្រុងស្ទឹងសែន និងមានការលិចដោយសារជំនន់ទឹកភ្លៀង ហើយ​ប្រសិន​បើជួបបញ្ហាក្នុងការសាងសង់ ត្រូវជូនដំណឹងមកអាជ្ញាធរដើម្បីឲ្យអាជ្ញាបានដឹងនិង​ជួយដោះស្រាយរឿងដែលបាន​កើតឡើង ។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានដាស់តឿនទៅដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ​គ្រប់ជ្រុងជ្រោយ​នូវសំណង់ទាំងឡាយណាដែលបានសាងសង់ខុសច្បាប់ ជាពិសេសការចាក់ដីការសាងសង់ផ្ទះ ការធ្វើរបងជាដើម ដែលមាន​ការរំលោភបំពានទៅលើចំណីផ្លូវ ធ្វើឱ្យមានការកក់ស្ទះដោយគ្មានប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត និងកាបអុបទិកជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមសហការជាមួយអាជ្ញាធរក្នុង​ការសាង​សង់​ប្រព័ន្ធ​លូរំដោះទឹកភ្លៀង ឬទឹកកខ្វក់នេះ គឺធ្វើទៅលើចំណីផ្លូវមុខផ្ទះរបស់ប្រជាពលរដ្ឋ សូមមានការយោកយល់និងអធ្យាស្រ័យ ទើបក្រុមហ៊ុនសាងសង់អាចពន្លឿនដំណើររបស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។

លោក ជូ កុល្លា ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឱ្យដឹងថា ការអនុវត្តគម្រោងសាង​សង់ប្រព័ន្ធ​រំដោះទឹកភ្លៀង ទឹកកខ្វក់ និងអាងប្រព្រឹត្តកម្ម ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានចំនួន២រួមមាន៖
ទី១៖ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះ​ប្រមាណ ២.៥០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ការ​សាងសង់បំពង់​លូទឹកស្អុយ​ប្រវែង​ប្រមាណ៣៩,២គីឡូម៉ែត និងបណ្តាញលូបង្ហូរ​ទឹកប្រវែង​ប្រមាណ ១៧.១គីឡូម៉ែត។
ក្រោយពីបាន​ទទួលការយល់ព្រម​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យា ដើម្បីសាងសង់​អនុ​គម្រោង​ខាង​លើ ជាមួយក្រុមហ៊ុន​សាងសង់ China First metallurgical Group Ltd. ក្នុង​តម្លៃទឹក​ប្រាក់ចំនួន ១២,៧៦២,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០។
ទី២៖ការសាងសង់ទីលានចាក់សំរាម ដែលមានសមត្ថភាពផ្ទុកបរិមាណបានចំនួន ៤៨.០០០ម៉ែត្រគូប និងការបំពាក់​នូវ​រថយន្តប្រមូលសំរាម និងទុកដាក់កាក់សំណល់។

លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឱ្យដឹងថា គម្រោងសាងសង់មានរយៈពេល៣ឆ្នាំ ដោយអនុវត្តចាប់ពី​ខែកក្កដា ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៣ ខាងមុន៕

 

Related Post