រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពនូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ទោះ​បី​ទទួល​បានការចាក់វ៉ាក់សាំងកូវីដ១៩ ហើយក្តី

(រដ្ឋបាលខេត្តកំពង់ធំ) ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមចូលរួមគោរព​នូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តតាមការណែនាំ​របស់ក្រសួងសុខាភិបាល​ឲ្យបានខ្ជាប់ខ្ជួន ទោះបី​ទទួលបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ ហើយរួចក៏ដោយ។

ការអំពាវនាវនេះ ក្នុងឱកាសដែលឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួម​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និង ស្រុកប្រាសាទបល្ល័ង្ក នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ដែលជាស្រុកចុងក្រោយគេបង្អស់ ក្នុងចំណោម ៩ ក្រុងស្រុក នៃខេត្តកំពង់ធំ។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមទៀតថា វ៉ាក់សាំងទាំងនេះគឺបានមកពីការខិតខំ​ប្រឹងប្រែងរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹក​នាំដ៏ឈ្លាស​វៃ​បំផុត ដែលតែងតែយកចិត្ត​ទុកដាក់ខ្ពស់ ចំពោះសុខមាល​ភាពរបស់​បងប្អូន​ប្រជាពលរដ្ឋកម្ពុជា ជាពិសេសការ​ទប់​ស្កាត់​ការរីក​រាល​ដាលជំងឺឆ្លង​កូវីដ១៩។

ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្ត និងប្រជាពលរដ្ឋទូទាំង​ខេត្តកំពង់ធំ សូមគោរពថ្លែង​​អំណរគុណ និងអរគុណ​ចំពោះ​សម្ដេចតេជោ ដែលបានផ្ដល់វ៉ាក់សាំងមក​ចាក់​ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជា​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេសកម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់​ថ្នាក់ដែលបានខិតខំ​ជួយសម្រប​សម្រួល​ចាក់វ៉ាក់សាំង​ជូន​បងប្អូនប្រជាពលរដ្ឋ មានរបៀបរៀបរយ រក្សាគម្លាតសុវត្ថិភាពបានល្អ ធ្វើឲ្យដំណើរ​ការនៃ​ការចាក់វ៉ាក់សាំងនេះប្រព្រឹត្ត​ទៅដោយរលួននិងទៅតាមផែនការដែលបានគ្រោងទុក។

Related Post