រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អាជ្ញាធរខេត្តកំពង់ធំ នឹងបើកឲ្យដំណើរការលក់ដូរឡើងវិញ ផ្សារសេរីស្ទោង ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បន្ទាប់​ពី​បានបិទខ្ទប់ដើម្បីរៀបចំសណ្ដាប់ធ្នាប់មួយរយៈ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២១ បានដឹក​នាំ​ក្រុមការងារ​ចុះត្រួតពិនិត្យស្ថានភាព​ផ្សារសេរីស្ទោង បន្ទាប់ពីបានបិទ​ខ្ទប់ជាលើកទី២ កាលពីថ្ងៃទី០១ ខែសីហា ដើម្បីរៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ និងរបៀបរៀបរយបានល្អប្រសើរ ចៀសបាន​នូវហា​និភ័យនៃការឆ្លងជំងឺកូវីដ-១៩ មុននឹងបើកឲ្យ​ដំណើរ​ការលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអប់រំណែនាំដល់ក្រុមតំណាងអាជីវករទាំងអស់ ត្រូវបន្ត​បង្កើនការ​ប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយគោរពតាមវិធានការ ៣ការពារ: ត្រូវពាក់ម៉ាស់ឲ្យជាប់, ឧស្សាហ៍​លាងដៃជាមួយសាប៊ូ អាល់កុល នៅពេលប៉ះជាមួយសម្ភារផ្សេង, ត្រូវរក្សាវគម្លាតសុវត្ថិភាពបុគ្គល ៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ដើម្បីជៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta ដ៏កាច​សាហាវ​មួយនេះ។

ជាមួយនឹងការបើកឲ្យដំណើរការលក់​ដូរឡើងវិញនេះ បងប្អូនអាជីវករនៅ​ផ្សារសេរីស្ទោង មានចិត្តសប្បាយ​រីករាយណាស់ ព្រមទាំង​បាន​សន្យា​​ធានានៅ​​ចំពោះមុខក្រុមការងារ​​ទាំងអស់ ក្នុងការអនុវត្ត​វិធានការ​របស់រាជរដ្ឋាភិបាល​ ក៏ដូចជា​គោរព​តាម​ការ​ណែ​នាំ​របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម សុខ លូ បានបន្តដំណើរចុះត្រួតពិនិត្យនៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ នៅ​ក្នុងស្រុកស្ទោង និងក្រុងស្ទឹងសែន បន្ថែមទៀត ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចេះការពារខ្លួនឯង ស្មើនឹង​ការពារក្រុមគ្រួសាររបស់យើង កុំអោយឆ្លងជំងឺកូវីដ១៩។ ឯកឧត្តមបន្ថែមទៀតថា ប្រសិនបើបងប្អូន​បានចាក់វ៉ាក់សាំងចំនួន ២ដងរួចហើយ សូមបងប្អូនកុំបារម្ភ ទោះបីឆ្លងក៏មិនឈឺធ្ងន់នោះដែរ។ ម្យ៉ាងវិញទៀត​សូមបង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវប្រុងប្រយ័ត្នក្មេងៗតែនៅផ្ទះ និងចាស់ៗដែលមិនទាន់បានចាក់វ៉ាក់សាំង ព្រោះអាចឆ្លង​នូវ​ជំងឺកូវីដ១៩បាន។

Related Post