រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំអញ្ជើញចូលរួមប្រកាស​ចូលកាន់មុខ​តំណែងថ្មី អភិបាលនៃគណៈអភិបាលស្រុកស្ទោង និងស្រុកប្រាសាទសំបូរ

(រដ្ឋបាលខេត្តកំពង់ធំ): នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណៈ​អធិប​តី ក្នុង​ពិធីប្រកាសចូលកាន់មុខតំណែងថ្មីលោក សាយ គឹមឡម ជា​អភិបាល ​នៃ​គណៈអភិបាលស្រុកស្ទោង លោក ទង់ គឹមតុល ជាអភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោក ទេព សោភ័ណ្ឌ ជាអភិបាលរងស្រុក​ប្រាសាទសំបូរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ការផ្លាស់ប្ដូរ​មុខតំណែង​តួនាទី​ នេះគឺជារឿងធម្មតា​របស់មន្ត្រីរាជការ ព្រោះមុខ​តំណែង​នេះមិនមែនជាកម្មសិទ្ធិ​របស់បុគ្គលណា​ម្នាក់នោះទេ ។

ជាមួយគ្នានោះឯកឧត្តម សុខ លូ បានក្រើន​រំលឹកលោកអភិបាលស្រុក​ដែលទើបនឹងទទួលមុខតំណែងថ្មីនេះ សូមគោរព​នូវ​តួនាទី និងភារកិច្ចរបស់ខ្លួន​ឲ្យបានខ្ជាប់ខ្ជួន ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយ​គណៈអភិបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្រោមឱវាទ និងមន្ទីរអង្គភាពជុំវិញស្រុក ដើម្បីបន្តដឹក​នាំ​ការងារ​និរន្តរភាព​​រដ្ឋបាលស្រុកបន្តទៀត ជាពិសេសត្រូវចុះពិនិត្យ​មើល​​ការងារមូលដ្ឋាន តាមបណ្ដាឃុំសង្កាត់​ទាំងអស់ នៅ​ក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន​ឲ្យបានញឹកញាប់ និងពិនិត្យមើលការបម្រើសេវាសាធារណៈនៅអង្គភាពច្រកចេញចូលតែមួយ ធ្វើ​យ៉ាង​ណាឲ្យការ​បំរើសេវា​សា​ធារណៈ​ជូនប្រជា​ពលរដ្ឋនេះ ប្រព្រឹត្តទៅបានរលូន ឆាប់រហ័ស ទាន់ពេលវេលា មានតម្លាភាព និង​ប្រកប​ដោយប្រសិទ្ធភាព។

លើសពីនេះ​ទៀតឯកឧត្តមបន្ថែមទៀតថា លោកអភិបាល​ស្រុក ​ក្នុងនាមគណៈ​​បញ្ជាការ​ឯកភាពរដ្ឋបាលស្រុក ត្រូវតែ​ពិនិត្យ​កងកំលាំងទាំងបី ធ្វើយ៉ាងណាត្រូវរក្សាសណ្ដាប់ធ្នាប់សា​ធារណៈ និងសុខសុវត្ថិភាព​ជូនប្រជាពលរដ្ឋ​ឲ្យបានល្អប្រសើរ ជាពិសេស ត្រូវបំរើបងប្អូន​ប្រជាពលរដ្ឋ ដោយការពារប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ មិនមែនការពារប្រយោជន៍​មិន​ស្រប​ច្បាប់របស់ជនខិលខូច​មួយចំនួននោះទេ ហើយយើងរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ តំបន់សត្វខ្សិប តំបន់​ព្រៃលិចទឹក និងចូលរួមទប់ស្កាត់​បង្ក្រាបនូវ​​បទល្មើសនានា​ដែលតែងតែកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហើយ​ក្រៅ​ពីការងារស្នូលសូមថ្នាក់ដឹកនាំ​ទាំងអស់ត្រូវបន្តចុះទៅតាមមូលដ្ឋាន ដើម្បីជួបប្រជាពលរដ្ឋក្នុង​ការដោះស្រាយនូវបញ្ហា​ និង​សំណូមពរជូនពួកគាត់ឲ្យ​បានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់មន្ត្រីរាជការ និងកងកម្លាំង​ប្រដាប់អាវុធ​សូមអញ្ជើញ​ទៅចូលរួមចាក់វ៉ាក់សាំង ដូសទី៣ (ដូសជំរុញ)នេះ ទៅតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងនោះឯកឧត្តម​បាន​បញ្ជាក់ថា ការចាក់វ៉ាក់សាំង ដូសទី៣(ដូសជំរុញ)នេះ គឺសម្រាប់តែ មន្ត្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធ មន្ត្រី​រាជការ​ស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែប៉ុណ្ណោះ ដោយឡែកការចាក់វ៉ាក់សាំង​សម្រាប់​ប្រជាពលរដ្ឋទូទៅ នឹងត្រូវធ្វើឡើងនៅពេលក្រោយ ព្រមទាំងអំពាវ​នាវបន្ថែមទៀតដល់មាតាបិតា និងអាណាព្យាបាល​នៅតាម​បណ្តាក្រុង ស្រុកទាំងអស់នៃខេត្តកំពង់ធំ នាំកូនចៅដែលមានអាយុចាប់ពី១២ ទៅ១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ​១៩ អោយបានគ្រប់ៗគ្នាតាមទីកន្លែង និងពេលវេលាដែលបានកំណត់។

ទន្ទឹមនឹងនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងមូល សូមគោរព​ថ្លែងអំណរគុណ​ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់​ឱកាសដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ព្រមទាំងកុមារ និងយុវវ័យដែលមាន អាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គ្រប់ៗគ្នា។

ឆ្លៀតក្នុងឱកាសនោះដែរនោះដែរលោក សាយ គឹមឡម និងលោក ទង់ គឹមតុល ដែលទើបនឹង​ទទួលបានការ​ប្រកាស​តែងតាំងជា​អភិបាលស្រុកថ្មី ឡើងធ្វើការ​ប្តេជ្ញាចិត្តដូចខាងក្រោម:
១-ខិតខំបម្រើសេវាសាធារណៈជូន​ប្រជាពលរដ្ឋឲ្យបានល្អ​ប្រសើរ និងឆ្លើយតបឲ្យបានទាន់ពេល
២-ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋដែល​កើតមានឡើងក្នុងមូលដ្ឋាន
៣-ខិតខំបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើ
៤-ប្តេជ្ញាអនុវត្តអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា
៥-ប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ ឲ្យបានល្អ ដោយការទទួល​ខុសត្រូវ​ខ្ពស់

Related Post