រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំនួបពិភាក្សាការងារ អំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងខេត្តកំពង់ធំ ជាមួយក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាព​ពិភពលោក​ប្រចាំប្រទេសកម្ពុជា

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំនួបពិភាក្សាការងារ អំពីស្ថានភាពការរីករាលដាល​នៃជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ធំ ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា​ប្រធាន​គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាពពិភពលោក​ប្រចាំប្រទេសកម្ពុជា នៅសាលាខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​​ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់អភិបាលខេត្តកំពង់ធំ ដែលបានគាំទ្រពេញទំហឹង នូវយុទ្ធនាការ​ចាក់វ៉ាក់សាំង​ការពារ​​ជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តិទៅបានរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

លើសពីនេះទៀតលោកជំទាវបណ្ឌិតក៏​បានជំរុញដល់អាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់​នៃការ​ធ្វើ​ចត្តាឡីស័ករបស់​បងប្អូនប្រជាពលរដ្ឋដែលមានការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ការថែ​ទាំ​សុខភាព ការរស់នៅតាមបែបកន្លងថ្មី ជាមួយកូវីដ-១៩ និងចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរព​តាមការណែនាំ​របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានមតិស្វាគមន៍នៃការ​ធ្វើដំណើរបេសកកម្មរបស់​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មកាចំពោះ​កិច្ចចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាព​ពិភពលោក​ប្រចាំប្រទេសកម្ពុជា ដែលបានចុះមកបំពេញបេសកកម្មនៅក្នុងខេត្តកំពង់ធំនៅពេលនេះ ព្រមទាំង សូមគោរព​ថ្លែង​អំណគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា បានគិតគូរច្បាស់លាស់ មានការសម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំង​ចាក់ជូន​បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ ហើយរហូតមកដល់ពេលនេះ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។ ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់បន្ថែមទៀតថា ចំពោះដំណើរការ នៃការចាក់វ៉ាក់សាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តទៅបានរលូន ទៅមុខយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាពខ្ពស់។

Related Post