រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យ ឡសម្ងួត និងឃ្លាំងស្តុកស្រូវ រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ និងរោងម៉ាស៊ីនកិនស្រូវ លឹម ហេងលាភ ដែលគាំទ្រដោយកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ (Rice-SDP)

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះ​ត្រួត​ពិនិត្យ ឡសម្ងួត និងឃ្លាំងស្តុកស្រូវ រោងម៉ាស៊ីនកិនស្រូវចំនួន ២កន្លែង រួមមាន រោងម៉ាស៊ីនកិនស្រូវ ១៦៨៨ ដែលមានទីតាំងស្ថិតនៅឃុំទ្រា ស្រុកស្ទោង មានសមភាពសម្ងួតស្រូវសើមបាន ចាប់ពី ៣០០តោន ទៅ ៨០០តោន ក្នុងមួយថ្ងៃ ដែលបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនបែបទំនើបទាន់សម័យ។ ចំណែកឯរោងម៉ាស៊ីនកិនស្រូវ លឹម ហេងលាភ ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានសមភាពសម្ងួតស្រូវសើមបាន ចាប់ពី ៣០០តោន ទៅ ៥០០តោន ក្នុងមួយថ្ងៃ ដែលបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនបែបទំនើបទាន់សម័យ ដូចគ្នា ដែលគាំទ្រ​ដោយ​កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំអង្ករចេញ (Rice-SDP) ក្រោមកម្ចីសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

ក្នុងដំណើរការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា គោល​បំណង​សំខាន់របស់គម្រោង Rice-SDP គឺធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀង និងការនាំចេញអង្ករក្នុង​បរិបទ​នៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល​ក្នុងស្មារតីទទួលខុសត្រូវ​ខ្ពស់​​ដើម្បីបង្កើន​សមត្ថភាពផលិតធានាឲ្យបានទាំងបរិមាណ គុណភាព និងសុវត្ថិភាពឱ្យស្របតាមស្តង់ដារ​តម្រូវការរបស់​ទីផ្សារ​អន្តរជាតិដែលបានកំណត់។ ហើយក្នុងនោះ គម្រោង Rice-SDP ក៏មានការជួយសាងសង់ឡសម្ងួត និងឃ្លាំង​ស្តុកស្រូវ អង្ករ ការស្តារប្រព័ន្ធធារាសាស្ត្រ ផ្តល់បច្ចេកទេសពូជ និងបន្សាំដំណាំស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេស​ងាយស្រួលក្នុងការផលិត និងរក្សាទុកកសិផលឱ្យមានគុណភាពល្អសម្រាប់នាំចេញ មានទីផ្សារលក់ត្រឹមត្រូវ ទទួលបានប្រាក់ចំណូលច្រើន កាត់បន្ថយភាពក្រីក្របានមួយកម្រិតធំ ជាពិសេសរួមចំណែករក្សាស្ថេរភាព​តម្លៃស្រូវដល់​ប្រជាកសិករ និងជំរុញការនាំចេញអង្ករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ហើយគម្រោង Rice-SDP អនុវត្តលើ​ខេត្តគោលដៅចំនួន ៣ខេត្ត រួមមាន ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង ក្នុងនោះ ខេត្តកំពង់ធំ អនុវត្តលើ​ក្រុងស្រុក​គោលដៅចំនួន ៦ក្រុងស្រុក រួមមាន ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកបារាយណ៍ និងស្រុកតាំងគោក។

Related Post