រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ក្រើនរំឭកដល់មាតាបិតា អាណាព្យាបាល ដែលនាំកូនចៅ និងសាច់ញាតិមក​ទទួលវ៉ាក់សាំង​បង្ការជំងឺកូវីដ ១៩ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការបីការពារ បីកុំ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ កុំឲ្យឆ្លងជំងឺដ៏​កាច​សាហាវនេះ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ ៥ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានក្រើនរំឭក និងអំពាវនាវចំពោះ មាតា បិតា អាណាព្យាបាល ដែលត្រូវនាំបុត្រធីតា ឬសាច់ញាតិ មកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ឧស្សាពាក់ម៉ាស និងភ្ជាប់មកជាមួយនូវទឹកអាល់កុល និងសូមចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និង សហគមន៍ កុំឆ្លងនូវជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ បានថ្លែងអំណគុណដល់ ក្រុមគ្រួសារ មាតា បិតា និងអាណាព្យាបាល ដែល​បាននាំកូនចៅ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅពេលនេះ។ ទន្ទឹមនឹងនោះដែរ ក្មួយៗ ដែលមកទទួល​វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ដោយការស្ម័គ្រចិត្ត និងពោពេញដោយភាពក្លាហាន មិនមានការភ័យខ្លាចនោះទេ។ ហើយចំពោះ​ការចាក់វ៉ាក់សាំងនេះដែរ សម្រាប់ដូសទីមួយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ និងសម្រាប់​ដូសទីពីរចាប់​ផ្ដើមពី​ថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១១:០០ព្រឹក និងពេលរសៀល ចាប់ពីម៉ោង ១:០០រសៀល ដល់ម៉ោង ៤:០០រសៀល ហើយការចាក់វ៉ាក់សាំងនេះ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន នៅទីតាំងដែលបានកំណត់ជូនក្នុងឧបសម្ព័ន្​នៃសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត​កំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំទាំងមូល សូមគោរព​ថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​ខិតខំប្រឹងប្រែងស្វែងរកធនធាន និងវ៉ាក់សាំង ចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងខេត្តកំពង់ធំ ចាប់ពី​កុមារ យុវវ័យ និងមនុស្សចាស់ ហើយចំនួននៃការចាក់វ៉ាក់សាំងនេះ គឺចាក់បានឆាប់រហ័ស និងច្រើនលើសលប់ បើប្រៀបធៀប​ទៅនឹងប្រទេសជិតខាង ដែលអាចធ្វើឲ្យយើងឈានទៅដល់ការបើកប្រទេសជាតិឡើងវិញនៅ​ពេលខាងមុខ​ឆាប់ៗ​នេះ​ជាពិសេសក្មួយៗ បានចូលរៀនឡើងវិញ។ លទ្ធផលដ៏ល្អប្រសើរ គឺបានមកពីដឹកនាំ​ដ៏ឈ្លាសវៃរបស់​ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគិតគូរពីជីវិតរបស់ប្រជាជនកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះកុមារដែលមានអាយុប្រាំឆ្នាំ ដែលមកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សូមមាតាបិតា អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារទាំងអស់ មេត្តាភ្ជាប់មកជាមួយនូវឯកសារ ពាក់ព័ន្ធ ដែលមាននៅក្នុងជូនដំណឹងរបស់រដ្ឋបាលខេត្ត៕

Related Post