រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

 
រដ្ឋបាលខេត្តកំពង់ធំៈ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រី នៃមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ ដើម្បីពិនិត្យលទ្ធផលការងារក្នុងការ​ចុះបញ្ជីដីធ្លីមាន​លក្ខណៈ​ជាប្រព័ន្ធ បញ្ហាប្រឈម សំណូមពរផ្សេងៗ និងលើកទិសដៅអនុវត្តបន្ត នៅរសៀលថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅប្រជុំសាលាខេត្តកំពង់ធំ។
 
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី , មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីភូមិរដ្ឋបាល​មួយ​ចំនួន។ លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានឡើងរាយការណ៍ជូនអំពីវឌ្ឍនភាពនៃមន្ទីរដែលសម្រេចបាននាពេលកន្លងក្នុងការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធការងារចុះបញ្ជីដីធ្លី មាន​លក្ខណៈដាច់ដោយដុំ និងចុះបញ្ជីបន្ត ការងារចុះបញ្ជីដីសហគមន៏ ការងារសម្បទានដីសេដ្ឋកិច្ច ការងារសម្បទានដី​សង្គមកិច្ច.ការដោះស្រាយទំនាស់ដីធ្លី ការងារសំណង់ និងការងាររៀបចំដែនដី ព្រមទាំងលើក​ទិសដៅ​ផែនការ​​ដែល​ត្រូវ​អនុវត្តបន្តបន្ទាប់។
 
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បានថ្លែងនូវការ​អរគុណចំពោះការ​ខិតខំប្រឹងប្រែង​ដឹកនាំបំពេញ​ការងារ​របស់លោក​ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីរាជការទាំងអស់ ដែលមិនត្រឹមតែ​បានខិតខំអនុវត្តការងារស្នូលបម្រើសេវាក្នុងវិស័យដីធ្លីបានល្អប្រសើរជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ហើយការ​អនុវត្តច្បាប់​ក៏មានលក្ខណៈល្អប្រសើរដែរ ប៉ុន្តែអ្វីដែលពាក់ព័ន្ធទៅនឹង​កំហុសឆ្គង និងការប្រព្រឹត្តជាក់ស្តែងនោះ គឺជាលក្ខណៈបុគ្គល។
 
ឯកឧត្តមអភិបាលខេត្ត បានជំរុញបន្ថែមត្រូវបន្តខិតខំធ្វើការងារ ដោយបង្កើនចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រើប្រាស់​មន្ត្រីឲ្យត្រូវជំនាញ និងត្រូវគោរពវិន័យការងារ តួនាទី ភារកិច្ច លក្ខខណ្ឌការងារដែលបានបែងចែក ប្រកបដោយការទទួល​ខុសត្រូវខ្ពស់ នៅគ្រប់ការិយាល័យភូមិបាលស្រុកទាំងអស់ ត្រូវខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមាន​តម្លាភាព ប្រសិទ្ធភាព និងមានភាពជឿជាក់។ ចុងក្រោយឯកឧត្តម ងួន រតនៈ បានសំណូមពរដល់លោកប្រធានមន្ទីរ មន្ត្រីរាជការទាំងអស់​ត្រូវយកចិត្តទុក​ដាក់ការ​គ្រប់គ្រង​ដីធ្លី ពាក់ព័ន្ធទៅនឹងការងារចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋការងា​ដោះស្រាយ ទំនាស់ដីធ្លី គម្រោងសម្បទានសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងជំរុញការរៀបចំប្លង់គោល ប្រើប្រាស់ដីក្នុង​ក្រុងស្ទឹងសែន។ ជាពិសេសទប់ស្កាត់នូវរាល់​សំណង់​ដែល​គ្មានលិខិតអនុញ្ញាត និងសំណង់ធ្វើឡើងខុសលិខិតអនុញ្ញាត ក្នុងន័យ​រឹតបន្តឹង ការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូច​ធានា​ឲ្យបាននូវសុខសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ ស្របទៅតាមគោលបំណង និងការដឹកនាំរបស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

Related Post