រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងដំណាំស្រូវ ផ្អែកលើសន្ទស្សន៍អាកាសធាតុ ដើម្បីរួមចំណែកធានាប្រាក់ចំណូលរបស់ប្រជាកសិករក្នុងបរិបទនៃ បម្រែបម្រួលអាកាសធាតុ

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធានារ៉ាប់រងដំណាំស្រូវ ផ្អែកលើសន្ទស្សន៍អាកាសធាតុ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជានាយកអង្គភាពអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ខេត្តកំពង់ធំ និងឯកឧត្តម សៀក សុភ័គ ប្រធានគ្រប់គ្រងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីនៅតាមបណ្ដាស្រុក ឃុំ ភូមិ ដែលជាតំបន់គោលដៅនៃការអនុវត្តគម្រោង។

ថ្លែងនៅក្នុងអង្គសិក្ខាសាលានេះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍លើកឡើងថា ដោយមើលឃើញកសិករមួយចំនួនតែងតែទទួលរងនូវផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុលើដំណាំស្រូវ ទើបរាជរដ្ឋាភិបាលបានដាក់អោយដំណើរការ សាកល្បងនូវការធានារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុនេះឡើង ក្នុងគោលបំណង ឱ្យកសិករអាចទទួលបានសំណងខ្លះ លើការខូចខាតដំណាំស្រូវក្នុងរដូវវស្សា ដែលបណ្តាលមកពីកង្វះទឹកភ្លៀង ឬ ជំនន់ទឹកភ្លៀង។ ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា បងប្អូនទិញធានារ៉ាបរងដំណាំស្រូវគឺ ១០ដុល្លារ ក្នុង១ហិកតា ក្នុងករណីដែលមានការខូចខាត ដំណាំស្រូវដោយសារកង្វះទឹកភ្លៀង ឬ ជំនន់ទឹកភ្លៀងនោះ ក្រុមហ៊ុន Forte នឹងផ្តល់សំណងជូនកសិករ ដោយស្វ័យប្រវត្តិ ដែលសំណងខ្ពស់បំផុតក្នុងមួយ ប័ណ្ណធានារ៉ាប់រងគឺ១០០ដុល្លារ ឬអាចតិចជាង១០០ដុល្លារ ដោយអាស្រ័យលើភាពជាក់ស្តែងនៃបរិមាណទឹកភ្លៀង។

ទន្ទឹមនឹងនោះដែរឯកឧត្តម សៀក សុភ័គ ប្រធានគ្រប់គ្រងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករបានមានប្រសាសន៍ថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានបង្កើតឡើងដើម្បីចូលរួមអនុវត្តគោលនយោបាយស្រូវអង្កររបស់រាជរដ្ឋាភិបាល និង មានគោលបំណងបង្កើនចំណូលរបស់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវ៉ាក់ផលិតកម្មស្រូវ និងការនាំចេញអង្ករ តាមរយៈការបង្កើនផលិតកម្មស្រូវអង្ករដែលមានគុណភាពខ្ពស់ ជាមួយនឹងការគិតគូរអភិរក្សមូលដ្ឋានធនធានធម្មជាតិ ឱ្យនៅគង់វង្សយូរអង្វែង។ កម្មវិធីនេះ កំពុងអនុវត្តលើខេត្តចំនួនបី ឃុំគោលដៅ៩០ឃុំ ចំពោះខេត្តកំពង់ធំ គឺយើងអនុវត្តចំនួន ៣០ ឃុំ ដោយវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផលិតកម្មស្រូវ និងអង្ករ មានដូចជាការកសាងប្រឡាយទឹក ការកសាងឡសម្ងួត និងឃ្លាំងស្តុកស្រូវ ការកសាងមជ្ឈមណ្ឌលពូជស្រូវ ជាដើម។

ជាចុងក្រោយឯកឧត្តម ងួន រតនៈ និងឯកឧត្តម សៀក សុភ័គ បានសំណូមពរដល់អង្គសិក្ខាសាលាទាំងអស់ សូមខិតខំយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់ឲ្យបានច្បាស់លាស់ អំពីគោលបំណងនៃអង្គសិក្ខាសាលា ចូលរួមផ្សព្វផ្សាយអំពីផលិតផលធានារ៉ាបរងដំណាំផ្អែកលើសន្ទស្សន៍អាកាសធាតុនេះ ដែលជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកធានាប្រាក់ចំណូលរបស់ប្រជាកសិករក្នុងបរិបទនៃ បម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

Related Post