រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋរស់នៅជាយូរមកហើយ នៅតំបន់ដាច់ស្រយាល ក្នុងស្រុកតាំងគោក

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋដែលបានរស់នៅតំបន់ដាច់ស្រយាល និងអាស្រ័យផលជាយូរមកហើយ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពី សម្តេចតេជោ ជូនចំពោះពុកម៉ែប្អូនទាំងអស់រស់នៅទីនេះ និងជម្រាបជូននូវដំណឹងល្អ ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យកាត់ឆ្វៀលដីដែលប្រជាពលរដ្ឋបានកំពុងរស់នៅ និងអាស្រ័យផលជាយូរមកហើយ អាចធ្វើការបង្ករបង្កើនផលបន្តទៀត ព្រមទាំងចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យថែមទៀតផង។

លើសពីនេះទៀត ឯកឧត្តមបណ្ឌិត បញ្ជាក់ទៀតថា ចំពោះប្រជាពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផល ជាយូរមកហើយនៅក្នុងតំបន់នេះ នឹងទទួលបានប្លង់កម្មសិទ្ធិគ្រប់ៗគ្នា។ ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់ ត្រូវសម្តែងនូវភាពស្មោះត្រង់ ក្នុងការកំណត់នូវព្រំប្រទល់ដីឲ្យបានច្បាស់លាស់ និងមិនត្រូវរំលោភបំពានរុករានដីព្រៃលិចទឹកបន្តទៀតនោះទេ។ ម្យ៉ាងវិញទៀត ត្រូវរួមគ្នាការពារបឹងទន្លេសាប ដែលជាធនធានធម្មជាតិ និងព្រៃលិចទឹក ដែលជាជម្រកសម្រាប់ត្រីពង ជាពិសេសមិនត្រូវ នេសាទប្រើប្រាស់នូវឧបករណ៍ខុសច្បាប់ ដែលនាំឲ្យវិនាសអន្តរាយដល់ពពួកមច្ឆាជាតិនោះទេ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានពន្យល់ដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់អំពីនីតិវិធីនៃការកាត់ឆ្វៀលដី និងធ្វើប្លង់កម្មសិទ្ធិ ដីលំនៅឋាន និងដីកសិកម្ម ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ដែល សម្តេចតេជោ បានបន្ថែមសិទ្ធិពេញលេញជូនបងប្អូន នូវការចាត់ចែង សិទ្ធិធ្វើអំណោយ លក់ ទិញ ឬ ដាក់បញ្ចាំ ជាដើម។ ឯកឧត្តមបន្ថែមទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែផ្សារភ្ជាប់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប ការរក្សាផលប្រយោជន៍ និងជីវភាពរស់នៅបងប្អូនដែលរស់នៅទីនេះ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាលនេះ មានការសប្បាយចិត្ត អបអរសាទរ ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ សូមគោរពជូនពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូម សម្តេចតេជោ មានសុខភាពល្អ បន្តដឹកនាំប្រទេសជាតិបន្តទៀត។

Related Post