(រដ្ឋបាលខេត្តកំពង់ធំ)៖ មន្រ្តីនគរបាលយុត្តិធម៌ គ្រប់អធិការស្រុក ក្រុង រួមទាំងការិយាល័យចំណុះឲ្យ ស្នងការនគរបាលខេត្តកំពង់ធំ មេបញ្ជាការ កងរាជអាវុធហត្ថក្រុងស្រុក បានចូលរួមកិច្ចប្រជុំស្តីពីការពង្រឹងនីតិវិធីព្រហ្មទណ្ឌ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដែលថ្នាក់លើប្រគល់ជូន ក្រោមអធិបតីភាព ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ឯកឧត្តម ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងនគរបាលខេត្ត និង វរៈសេនីយ៍ឯក ថាច់ ចាន់បូរ៉ុម មេបញ្ជាការរងកងរាអាវុធខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនេះ បានផ្តល់នូវគោលការណ៍ណែនាំចំនួន ៧ចំណុច ដូចខាងក្រោម៖
*១/ រាល់ការបង្រ្កាបបទល្មើស មន្ត្រីយុត្តិធម៌ត្រូវសហការ រាយការណ៍ និងសូមយោបល់ដឹកនាំពី ប្រធានគណៈបញ្ជាការរដ្ឋបាលឯកភាព ក្នុងដែនសមត្ថកិច្ច ដែលបទល្មើសកើតឡើង និងត្រូវរាយការណ៍ដោយផ្ទាល់ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ។
*២/ រាល់ការបង្រ្កាបបទល្មើស ធនធានធម្មជាតិ ត្រូវអនុវត្តកំលាំងចំរុះដែលសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា ។
*៣/ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ ត្រូវអប់រំ ផ្សព្វផ្សាយ និងអនុវត្តវិធានការច្បាប់ លើបទល្មើស ល្បែងស៊ីសង ក្នុងដែនសមត្ថកិច្ច ឃុំ សង្កាត់ របស់ខ្លួន ។
*៤/ លទ្ឋផលបង្ក្រាបបទល្មើស ទុកសិទ្ឋិអោយជំនាញ កសាងសំណុំរឿង តាមអង្គហេតុនិងច្បាប់ ជាក់ស្តែង ។
*៥/ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តតួនាទី និងភារកិច្ច តាម ច្បាប់ អនុក្រឹត្យ និង ប្រកាស កំណត់ ដោយ មិនបំពាន សមត្ថកិច្ចជំនាញ ។
*៦/ ខ្វះមន្ត្រីជំនាញកោសល្យវិច័យ សូមអោយមន្ទីរសុខាភិបាល និងស្នងការនគរបាល ត្រូវមានមន្ត្រីជំនាញកោសល្យវិច័យ ។
*៧/ កិច្ចប្រជុំនេះ រៀបចំម្តងទៀតដើមឆ្នាំ២០២៣ ។