(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ៦ចំណុច ដល់លោកអភិបាលនៃគណៈអភិបាល ក្រុង-ស្រុក មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តផ្សក្នុងការព្វផ្សាយ របបសន្តិសុខសង្គម ៖
*១- ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ អំពីឱកាសបណ្តុះបណ្តាលនិងចុះឈ្មោះចូលរៀនកម្មវិធីនេះ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម(ប.ស.ស)ដើម្បីចូលរួមអនុវត្ដ និងលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ក្នុងគោលបំណងសម្រេចបាននូវក្របខ័ណ្ឌគោល នយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ។
*២- ត្រូវធ្វើការផ្សព្វផ្សាយដល់មាតាតាអាណាព្យាបាលយុវជននៃគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួនឲ្យមកចុះឈ្មោះចូលរៀនមករៀនឲ្យបានទៀងទាត់ និងឲ្យចប់វគ្គបណ្តុះបណ្តាលដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារនិងមុខរបរសមរម្យនិងមានស្ថេរភាពចំណូលនិងច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
*៣- ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យគ្រប់ទម្រង់ និងរូបភាពឲ្យកាន់តែទូលំទូលាយដល់ក្រុមគោលដៅ ដើម្បីឲ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានការយល់ដឹង និងចូលរួមក្នុងកម្ម វិធីបណ្តុះបណ្តាលនេះ។
*៤- វិទ្យាស្ថានពហុបច្ចេកទេសខេត្តត្រូវបង្កើតឲ្យមានយន្តការតាមដានត្រួតពិនិត្យ និងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីជំរុញការងារផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ។
*៥- វិទ្យាស្ថានពហុបច្ចេកទេសខេត្តត្រូវសហការជាមួយវិស័យឯកជនដើម្បីផ្ដល់ឱកាសដល់រោងចក្រ សហគ្រាស ឬក្រុមហ៊ុនដែលមានតម្រូវការចាំបាច់ក្នុងការបណ្ដុះបណ្ដាលកម្មករនិយោជិត របស់ខ្លួន ក្នុងចំនួនច្រើន។
*៦- វិទ្យាស្ថានពហុបច្ចេកទេសខេត្តក៏ត្រូវគ្រប់គ្រងវត្តមានរបស់សិស្សឲ្យបានល្អ និងធានាបាននូវការប្រឡងប្រជែងបញ្ចប់វគ្គនីមួយៗប្រកបដោយតម្លាភាពគុណភាព និងប្រសិទ្ធភាព តាមប្រសាសន៍ ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ – រៀនឲ្យចេះ រៀនឲ្យចប់ និងឲ្យមានការងារធ្វើ» ។
ឯកឧត្តម ថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជូនដល់ក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីយក ទៅផ្សព្វផ្សាយបន្តជូនដល់យុវជន យុវនារី នៅមូលដ្ឋានឲ្យទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុងស្រុក ឃុំសង្កាត់ជាច្រើនរូប នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលរៀបចំដោយ វិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងសាខា ប ស. ស. ខេត្ត។
ឯកឧត្តម ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំបានលើកឡើងថា គោលបំណងកម្មវិធីផ្តល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិតដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ និងយុវជននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធដើម្បីទទួលបានឱកាសការងារ និងឬ បង្កើតការងារដោយខ្លួនឯង ប្រកបដោយភាពម្ចាស់ការ មានគុណភាព និងផលិតភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ និងឆ្លើយ តបបានតាមតម្រូវការទីផ្សារប្រកបដោយចិរភាព ភាពធន៍ បរិយាបន្ន ។
ឯកឧត្តមបន្តថាគោលដៅជាអាទិភាពទី ១ គឺយុវជនដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គោលដៅជាអាទិភាពទី ២ គឺបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធអំពីឱកាសបណ្តុះ បណ្តាល និងចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលនេះ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភទេ ។