(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១០៨០ប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅភូមិប្រាសាទ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នារសៀលថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០២៤ ។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់និង សុរិយោដីខេត្ត បានឲ្យដឹងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទាំង ១០៨០ប័ណ្ណនេះ ជូនប្រជាពលរដ្ឋរួមមាន៖-ដីលំនៅដ្ឋានចំនួន៥១៥ប័ណ្ណ -ដីផលិតកម្មកសិកម្មចំនួន ៥៦៣ប័ណ្ណណ -ដីវត្តចំនួន០១ប័ណ្ណ -ដីសាលារៀនចំនួន០១ប័ណ្ណ -ដីគ្មានទិន្នន័យចំនួន១៥២ក្បាលដី – ទ្រព្យខាងប្តីចំនួន២៣៥ប័ណ្ណ – ទ្រព្យប្រពន្ធចំនួន៤៣៥ប័ណ្ណ-ទ្រព្យលីវចំនួន៩៦ប័ណ្ណ -ទ្រព្យរួមប្តីប្រពន្ធចំនួន៣០១ប័ណ្ណ -ទ្រព្យរដ្ឋចំនួន០១ប័ណ្ណ -ទ្រព្យកម្មសិទ្ធិអវិភាគចំនួន០៥ប័ណ្ណ -ទ្រព្យសហកម្មសិទ្ធិចំនួន០៦ប័ណ្ណ និង-ទ្រព្យវត្តចំនួន០១ប័ណ្ណ។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋសូមមកទទួលយកប័ណ្ណឲ្យបានគ្រប់ៗគ្នានិងបង់សេវាចូលរដ្ឋតាមការកំណត់ សម្រាប់ដីទិញលក់ត្រូវបង់ប្រថាប់ត្រាជាមុនសិន និងដីអំណោយត្រូវផ្តិតមេដៃលើកិច្ចសន្យា មិនត្រូវអ៊ុតរឹងដូចកាត ចំពោះដីទំនាស់និងគ្មានទិន្នន័យសូមបំពេញទិន្នន័យឡើងវិញ ។
ជាមួយគ្នានោះដែរឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើរការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រម ទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។ ឯកឧត្តមបន្តថា ការចុះធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះមានការស្មុគស្មាញហើយមន្ត្រីជំនាញទាំងអស់ធ្វើការងារដោយប្រុងប្រយ័ត្ន ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យពួកគាត់ប្រើប្រាស់ដោយស្របច្បាប់និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។ ឯកឧត្តមបន្តទៀតថា បញ្ហាដីធ្លីនេះជាបញ្ហាមួយដែលលំបាកស្មុគស្មាញដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលយន្តការនេះ នៅតែបន្តដោះស្រាយនៅក្រៅប្រព័ន្ធតុលាការដោយអនុវត្តតាម យុទ្ធសាស្ត្រឈ្នះឈ្នះ ហើយយន្តការនេះនៅតែបន្តដោះស្រាយជាបន្តបន្ទាប់ ដើម្បីប្រែក្លាយទៅជាតំបន់មួយជាតំបន់ដែលមានសន្តិភាពដីធ្លី។ ឯកឧត្តមបញ្ជាក់ទៀតថា ប័ណ្ណកម្មសិទ្ធិនេះផ្តល់ជូនដល់ប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ទើបអាចធ្វើប័ណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដីជាក់ស្តែង មិនមានការភ័យខ្លាច។ ចុងក្រោយឯកឧត្តម ងួន រតនៈ ជំរុញដល់អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗគ្នា ។