(រដ្ឋបាលខេត្តកំពង់ធំ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីស្ថានភាពទឹកជំនន់ស្ទឹងសែនឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន កម្ពស់ ១៣,៥០ម៉ែត្រ ក្នុងខេត្តកំពង់ធំ ឆ្នាំ២០២៤។
សេចក្តីជូនដំណឹងបន្តថា ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំទាំងអស់ និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និង ត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។
ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួល សុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ ។
ករណីនេះ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ធំ ឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំនៅតែបន្តឡើងក្នុងរូបភាពយឺតជាងមុន ហើយស្រុកដែលធ្វើឱ្យប៉ះពាល់ច្រើនជាងគេគឺស្រុកកំពង់ស្វាយ និងមានប៉ះពាល់ខ្លះនៅស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ឯកឧត្តមបញ្ជាក់ថា ស្ថានភាពទឹកជំនន់នេះ មិនបានធ្វើឱ្យមានអ្នកស្លាប់ ឬបាត់ខ្លួនឡើយ។ ជាមួយគ្នានេះ អាជ្ញាធរបានត្រៀមទីទួលសុវត្ថិភាពរួចរាល់សម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈគេចចេញពីគ្រោះទឹកជំនន់នោះ។ ឯកឧត្តម អ៊ុន បុត្ត បញ្ជាក់បន្ថែមទៀតថា ស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ធំ នៅឆ្នាំ២០២៤ ហាក់ខ្លាំង និងមានល្បឿនលឿងជាងឆ្នាំ២០២៣កន្លងទៅ។
ការប្រកាសពីស្ថានភាពទឹកជំនន់ឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នក្នុងខេត្តកំពង់ធំនេះ ស្របពេលដែលក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ថា សម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្ដាល និង ខាងកើតឈូងសមុទ្រថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គនិងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ តំបន់វាលទំនាបមាន ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៣,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១២%៕
ប្រភពពី៖ បៃតងប៉ុស្តិ៍
អត្ថបទដោយ៖ លោក ឈួន ឆេងមួន