(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា វិស័យទេសចរណ៍ ជាកម្លាំងចលករដ៏សំខាន់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ជាពិសេស វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យប្រែក្លាយជាវិស័យទេសចរណ៍ ដែលមានភាពទាក់ទាញទាំងទេសចរណ៍ជាតិ និងអន្តរជាតិ។
ប្រសាសន៍នេះលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមន្ត្រី ក្នុងរចនាសម្ព័ន្ធមន្ទីរទេសចរណ៍ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ឯកឧត្តម មានគំនិតផ្តួចផ្តើម បានដាក់ចេញគោលដៅយុទ្ធសាស្រ្ត ដល់មន្ទីរទេសចរណ៍ខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្រ្តសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ សិក្សាលើទីតាំងតំបន់ទេសចរណ៍ដែលមានស្រាប់ (តំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍បេតិកភណ្ឌ-វប្បធម៌ និងទេសចរណ៍កែច្នៃ ដើម្បីធ្វើយ៉ាងណាសំដៅជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យមានភាពទាក់ទាញ ឈានមុខប្រកបដោយភាពសម្បូរបែប មានសក្តានុពល មានប្រសិទ្ធភាព និងមានសុខសន្តិភាពល្អ។
ជាមួយគ្នានោះដែរ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអានរបាយការណ៍សង្ខេបអំពីស្ថានភាព និងវឌ្ឍនភាពការងារទេសចរណ៍សំខាន់ៗ ដែលមន្ទីរទេសចរណ៍សម្រេចបានជាបន្តបន្ទាប់កន្លងមក។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន