(រដ្ឋបាលខេត្តកំពង់ធំ)÷ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំមានរិទ្ធិ និងក្រុមកាងារ បានប្រគេនទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនជូនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាស្ថិតនៅវត្តបឹងក្រូច និងអាស្រម ជ័យនូ ស្ថិតនៅឃុំមានរិទ្ឋ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌបុណ្យភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
មានមតិសំណេះសំណាលក្នុងពិធីកាន់បិណ្ឌនាឱកាសនោះ ឯកឧត្តម អ៊ុន បុត្ត លើកឡើងថា ជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។
ពិធីបុណ្យភ្ជុំបិណ្ឌដែលធ្វើតាមទំនៀមទម្លាប់ពីដូនតាមកនេះ ត្រូវបានដក់ជាប់ក្នុងគំនិតប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិកតជំនាន់ ក្នុងគោលបំណង ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា ញាតិកាទាំង៧សណ្តានដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងទៀតដើម្បីសុំសេចក្តីសុខចម្រើន និងបង្កើននៅសាមគ្គីធម៌ក្នុងសង្គមជាតិ។
ឯកឧត្តមលើកឡើងបន្តថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជារបស់យើងទទួលបាននៅសុខសន្តិភាពពេញបរិបូរណ៍ ទើបយើងទាំងអស់គ្នាមានឱកាសមកធ្វើបុណ្យកាន់បិណ្ឌជាមួយគ្នា មានឱកាសជួបជុំ ពុក ម៉ែ បងប្អូន សាច់ញាត្តិបាន។
ឯកឧត្តមសង្កត់ធ្ងន់ថា ដូចនេះពាក្យថា សន្តិភាព គឺមានតម្លៃណាស់សម្រាប់ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋគ្រប់រូប ហើយយើងទាំងអស់គ្នានិងប្តេជ្ញាចិត្តចូលរួមថែរក្សាសន្តិភាពនេះឱ្យគង់វង្ស។
សូមបញ្ជាក់ផងដែរថា គ្រឿងឧបរិភោគ បរភោគ និងបច្ច័យមូយចំនួនដែលបានប្រគេនចំនួន២វត្តជាអំណោយរបស់ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងារចុះមូលដ្ឋាននឃុំមានរិទ្ធិ និង ក្រុមកាងារផងដែរ។
អត្ថបទដោយ៖ លោក ឈួន ឆេងមួន