(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បានចូលរួមពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌវេនទី០៧ នៅវត្តព្រះពុទ្ធជិនរាជ ស្ថិតនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងពិធីបុណ្យកាន់បិណ្ឌប្រកបដោយក្តីសោមនស្សរីករាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ លោកនាយករដ្ឋបាល ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាព មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូប។
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមាន រយៈ ពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២… និងនៅថៃ្ងបញ្ចប់គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ធំតែម្តង។ សម្រាប់បុណ្យកាន់បិណ្ឌឆ្នាំនេះ បានចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ នៅគ្រប់វត្តអារាម ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីកាន់បិណ្ឌវេនទី០៧ ប្រកបដោយទឹកចិត្តជ្រះថ្លានេះរដ្ឋបាលខេត្តកំពង់ធំ បានប្រគេនបច្ច័យចង្ហាន់មួយចំនួន រួមមាន ទឹកសុទ្ធ ២០កេស ភេសជ្ជៈ ២០កេស អង្ករ ៥០០គីឡូ និងបច្ច័យកសាងមួយចំនួនផងដែរ៕
អត្ថបទដោយ៖ លោក ឈួន ឆេងមួន