រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ធំ បើកកិច្ចប្រជាលើកដំបូងរបស់ខ្លួន

(រដ្ឋាបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងខេត្តកំពង់ធំ ហៅកាត់ថា(GBV)  បើកកិច្ចប្រជុំលើកដំបូង ក្រោមអធិបតីភាព លោកជំទាវ យស ថានារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយស, លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងលោកស្រី ស៊ុន ម៉ូនិច អនុប្រធាន នាយកដ្ឋានការពារផ្លូវច្បាប់ក្រសួងកិច្ចការនារី ព្រមទាំងមានការ ចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងអង្គការដៃគូពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ថ្លែងពី គោលបំណងនៃកិច្ចប្រជុំនេះ គឺដើមី្បរិះរកអំពីបញ្ហាប្រឈមរបស់ក្រុមការងារ និងគោលដៅលើកកម្ពស់ និងពង្រីកការផ្តល់សេវាជាពហុវិស័យឆ្លើយតប ចំពោះអំពើហិង្សាលើស្រ្តី និងក្មេងស្រី ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជាអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានផ្លូវភេទ និងការជួញដូរស្រ្តី និងកុមារជាដើម។ ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង០៧ របស់ខេត្តត្រូវរួមគ្នាបង្កើនប្រសិទ្ធភាពការងារ ហើយក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត ត្រូវមានកិច្ចសហការល្អជាមួយមន្ទីរស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបដល់ជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័របានទាន់ពេលវេលា។

លោកជំទាវ បញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងកិច្ចអន្តរាគមន៍ជួយជនរងគ្រោះ ដោយមានការបង្កើតមេធាវីសម្ដេចតេជោ ដើម្បីជួយរកយុត្តិធម៌ជូនស្ត្រី និងកុមាររងគ្រោះ ចំពោះអំពើហិង្សាទាក់ទងនឹង យេនឌ័រទូទាំងប្រទេសដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត គាំទ្រដោយ ក្រសួងកិច្ចការនារី និងការិយាល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមត្ថភាពយេនឌ័រ និងផ្ដល់ភាពអង់អាចដល់ស្ត្រី (UN WOMEN)៕

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post