រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ កាត់វិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡងទាំង១៣ ក្នុងខេត្តកំពង់ធំ

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលប្រឡងប្រឡងទាំង ១៣មណ្ឌល ក្នុងនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ អញ្ជើចូលរួមកាត់វិញ្ញាសាប្រឡងបាក់ឌុបនៅមណ្ឌលប្រឡង សាលាបឋមសិក្សាអនុវត្តហ៊ុនសែនអាចារ្យលាក់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើឱ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។

ឯកឧត្តម បន្តទៀតថា ក្នុងរយះពេល ២ថ្ងៃ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ អាជ្ញាធរខេត្ត បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់ កងកម្លាំងការពារគ្រប់មណ្ឌលប្រឡងទាំងអស់ មានការការពារយ៉ាងតឹងរឹងបំផុត និងមានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែតខេត្តកំពង់ធំ មានការចាំជួយសង្គ្រោះដល់បេក្ខជនណាដែលមានបញ្ហាដល់សុខភាព ព្រមទាំងមានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ចាំជួយអន្តរាគមន៍នូវការផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនមកប្រឡង។

លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួចហើយ មិនឲ្យដំឡើងថ្លៃសេវាស្នាក់នៅ ឬសេវាហូបចុកជាដើម និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ និងការផ្អាកដំណើរការអាជីវកម្ម ម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

យោងរបាយការណ៍របស់លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តកំពង់ធំ បានបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះមាន÷ ចំនួនមណ្ឌលប្រឡងមាន១៣មណ្ឌល បន្ទប់សម្រាប់បេក្ខជនប្រឡងមានចំនួន ២២៨បន្ទប់ បេក្ខជនដែលត្រូវប្រឡងសរុប៥៦៥៨នាក់ ស្រី៣២៧៣នាក់ ចែកចេញជា០២ក្រុម រួមមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post