រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន បានដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ

(រដ្ឋបាលខេត្តកំពង់ធំ):  រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ នៅក្រុងស្ទឹងសែន ក្រោមអធិបតីភាពឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ  នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ប្រមាណ៥០០នាក់។

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា  វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនិងអាជ្ញាធរមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ នៅក្នុងក្របខណ្ឌពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលជាឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយជំរុញឱ្យកម្ពុជាអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដោយបានឱ្យថ្នាក់ក្រោមជាតិ ជំរុញអនុវត្តកម្មវិធីវេទិការក្រុមប្រឹក្សានៅគ្រប់បណ្ដាក្រុង/ស្រុកទាំងអស់ ដើម្បីស្ដាប់ទទួលយកនូវបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋមកដោះស្រាយបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក៏មានការលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន១០សំណួរ និងសំណូមពរសរសេរលាយលក្ខណ៍ជាអក្សរចំនួន២៦សំណួរ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវថ្នល់ ផ្លូវបេតុង) អត្តសញ្ញាណកម្ម (សៀវភៅគ្រួសារ) ប្រព័ន្ធលូ តាមសាលារៀនមានទឹកដក ឱ្យមានអំពូលភ្លើងតាមផ្លូវបេតុង ករណីក្មេងទំនើង និងការទុកដាក់សម្រាកឱ្យមានសណ្ដាប់ធ្នាប់ល្អ ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឱ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឱ្យបានកាន់តែយល់ច្បាស់។

សូមបញ្ជាក់ថា សម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ឆ្នាំ២០២៤ ផ្ដោតសំខាន់ទៅលើប្រធានបទចំនួន០៤រួមមាន៖
១-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្តោតលើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
២-ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។
៣-ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ។
៤-ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម
៥-បញ្ហាផ្សេងៗ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post