រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំចរចារចាប់ដៃគូធុរកិច្ច និងពិភាក្សាមើលស្ថានភាព ដោយផ្ដោតលើកិច្ចការសំខាន់ ៣ចំណុច រវាងខេត្តកំពង់ធំ និងខេត្តសុរិន្ទ

ស្របពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដើម្បីបង្កើនភាពស្និតស្នាលរវាងប្រទេសជិតខាង ជាពិសេសប្រទេសថៃ ដែលជាមិត្តនឹងគ្នានោះ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយលោក សុផន សែងជ័យ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសុរិន្ទនៃព្រះរាជាណាចក្រថៃឡង់ដ៍ ដើម្បីពិភាក្សាការងារចរចារចាប់ដៃគូធុរកិច្ច និងពិភាក្សាមើលស្ថានភាព ក្នុងឱកាសដែលលោកប្រធានមន្ទីរ ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅខេត្តកំពង់ធំ ហើយកិច្ចប្រជុំនេះដែរ ត្រូវបានរៀបចំឡើងនៅរដ្ឋបាលខេត្តកំពង់ធំ ។

ក្នុងកិច្ចពិភាក្សានេះដែរ ឯកឧត្តម គង់ វិមាន បានឲ្យដឹងថា ជាលទ្ធផលរដ្ឋបាលខេត្តទាំងពីរបានយល់ព្រមលើកការងារមួយចំនួន ជាពិសេសផ្តោតសំខាន់លើការអនុវត្តកិច្ចការចំនួន ៣ចំណុច រួមមាន៖
១. បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការណ៍លើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តទំាងពីរ
២. ការចរចាចាប់ដៃគូធុរកិច្ចពាណិជ្ជកម្ម និងចុះហត្ថលេខាលើការយោគយល់ធ្វើធុរកិច្ចរួមគ្នា ទំាងទំនិញកសិកម្ម និងធុរកិច្ចទូទៅរបស់ខេត្តកំពង់ធំ និងខេត្តសុរិន្ទ
៣. បង្កើតដៃគូដើម្បី ពិភាក្សាស្វែងរកធុរកិច្ចពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តទំាងពីរ

ឯកឧត្តមបានបន្ថែមទៀតថា សូមឲ្យខេត្តទំាងពីរនេះ ផ្តល់កិច្ចសហការគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍន៍ និងភាពរីកចម្រើនរួមគ្នា ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌការងាររបស់ខ្លួន ស្របតាមលក្ខខណ្ឌជាធរមានរបស់ប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និងវិស័យឯកជនផ្សេងៗទៀត ស្របតាមគោលនយោបាយ និងច្បាប់នៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរនឹងជំរុញធុរកិច្ចរវាងប្រទេសទំាងសងខាង ឲ្យមានការជួបគ្នាម្តងទៀតនៅខេត្តសុរិន្ទ ដើម្បីស្វែងរកដៃគូធុរកិច្ចឲ្យច្បាស់លាស់ ក្នុងការទំនាក់ទំនងគ្នាដោយផ្ទាល់ស្របទៅតាមអនុស្សរណៈនៃការយោគយល់គ្នានេះ និងជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់មន្ត្រីនៃប្រទេសទាំងពីរ ។

ក្នុងកិច្ចពិភាក្សាត្រូវបានបញ្ជប់ដោយជោគជ័យ ហើយពិធីចុះហត្ថលេខាជាផ្លូវការ និងត្រូវធ្វើនៅពេលឆាប់ៗខាងមុខនេះ ក្រោមវត្តមានរបស់លោកអភិបាលខេត្តទាំងពីរ និងក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរផងដែរ ៕

Related Post