រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងភោគជនីយដ្ឋាន មិនតម្លើងថ្លៃ និងផ្ញើកង់មិនយកលុយ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦-២០១៧នេះ!!!

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា យុវជនជាសសរទ្រូង របស់ប្រទេសជាតិ ដែលត្រូវចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍លើគ្រប់វិស័យ!

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ នាព្រឹកថ្ងៃច័ន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧ ក្នុងពិធីបើកវិញ្ញសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សកម្មភាពឯកឧត្តម សុខ លូ អភិបាលខេត្ត ចូលរួមបើកវិញ្ញាសានៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក

ក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំកន្លងមក អង្គភាពប្រឆាំងអំពើពុករលួយ ដែលសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា នឹងនៅតែបន្ត​រឹតបន្តឹង ក្នុងការប្រឡង ដូចឆ្នាំមុនៗ ហើយពិសេស អាចនឹងតឹងជាងឆ្នាំកន្លងមកទៀតផង។ ជាមួយគ្នានេះដែរ ការវេចខ្ចប់វិញ្ញាសា ទាំងការដឹកជញ្ជូន មានលក្ខណៈតឹងរ៉ឹង និងម៉ត់ចត់ ដោយមានការចូលរួម ពីមន្ត្រីក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីធានា​នូវការ​បែកធ្លាយវិញ្ញាសាណាមួយនោះឡើយ ដែល​ធ្វើឲ្យយន្តការនៃការប្រឡងបាក់ឌុបនេះ មានលក្ខណៈ ច្បាស់លាស់ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ជាពិសេស លទ្ធផលអាចទទួលយកបាន ដែលធ្វើឲ្យ​គុណភាពនៃការសីក្សាកាន់តែមានលក្ខណៈល្អ​ប្រសើរឡើង ភាគរយនៃការប្រឡងជាប់ក៏កាន់តែកើនឡើងផងដែរ។

 

ឯកឧត្តមបន្ថែមទៀតថា បេក្ខជនទាំងអស់ពេលមកប្រឡង មិនត្រូវយក សំណៅឯកសារ ឬទូរស័ព្ទចូលបន្ទប់ប្រឡងឡើយ គឺប្រើបានតែឧបករណ៍ណាដែលក្រសួងបានអនុញ្ញាតតែប៉ុណ្ណោះ ម្យ៉ាងវិញទៀត ក្មួយៗជាសិស្សសាលា ត្រូវស្លៀកសម្លៀកបំពាក់ឯកសណ្ឋានជាសិស្ស​នៅពេលសីក្សា ក៏ដូចជានៅពេលប្រឡងបាក់ឌុបជាដើម។ ក្នុងនោះអាជ្ញាធរខេត្តបានរៀបចំការផ្ញើរកង់ម៉ូតូគ្រប់មណ្ឌលប្រឡងទំាងអស់ មិនឲ្យយកលុយទេ ដោយស្នើសុំកម្លំាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំមកជួយ ហើយខេត្តនឹងឧបត្ថម្ភរាល់ការចំណាយផ្សេងរបស់ក្រុមការងារ។ ទន្ទឹមគ្នានេះដែរ ឯកឧត្តម បានប្រជុំណែនាំ អំពាវនាវឲ្យម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានទាំងអស់ក្នុងខេត្ត មិនត្រូវតម្លើងថ្លៃផងដែរ ។ សូមក្មួយៗ កុំព្រួយបារម្មណ៍អ្វី ក្រៅពីការខិតខំ ប្រឹងប្រែង​ក្នុងការប្រឡងឲ្យបានជាប់ កំណត់គោលដៅឲ្យបាន​ច្បាស់លាស់ និងមានផែនការមុតស្រួច ដើម្បីសម្រេចបានគោលបំណងរបស់ខ្លួន។

ចុងបញ្ចប់ឯកឧត្តម ក៏បានក្រើនរំឭកឲ្យសិស្សានុសិស្សទាំងអស់ មិនត្រូវជឿលើ​ការឃោសនារបស់ជនខិលខូចមួយចំនួនតូច ដែលលក់វិញ្ញាសានៅខាងក្រៅ គឺត្រូវជឿជាក់លើខ្លួនឯង ខិតខំធ្វើឲ្យអស់ពីសមត្ថភាព ប្រើឲ្យអស់សក្ដានុពលរបស់ខ្លួន អ្នកចេះ គឺជាប់ និងជូនពរឲ្យក្មួយៗទាំងអស់ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។

ឯកឧត្តម ហួន វ៉ាន់និត ចូលរួមបើកវិញ្ញាសានៅមណ្ឌលវិទ្យាល័យកំពង់ធំ

លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជានេះចែកចេញជាពីរផ្នែកគឺ ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដែលមានបេក្ខជនចូលរួមប្រឡងសរុបចំនួន ៤,២៣៨នាក់ ស្រី ២,២២៦នាក់ និងមានមណ្ឌលប្រឡង ចំនួន ៩ មណ្ឌល ក្នុងនោះមាន មណ្ឌលអនុវិទ្យាល័យថ្នល់បែក មណ្ឌលបឋមអនុវិទ្យាល័យ ហ៊ុន សែន អាចារ្យលាក់ មណ្ឌលវិទ្យាល័យកំពង់ធំ មណ្ឌលសាលាគរុកោសល្យខេត្តកំពង់ធំ មណ្ឌលអនុវិទ្យាល័យដំរីជាន់ខ្លា មណ្ឌលវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក មណ្ឌលបឋមសិក្សា ហ៊ុន សែន ត្រពំាងវែង មណ្ឌលវិទ្យាល័យ ស្ទឹងសែន និងមណ្ឌលអនុវិទ្យាល័យ បញ្ញាជី បើធៀបទៅនឹងឆ្នាំ២០១៦ បេក្ខជន បេក្ខនារី កើនឡើង ៣៣២នាក់ ស្នើនឹង ៨.៥០ភាគរយ។

ជាមួយគ្នានេះ ក៏មានអ្នកចូលរួមសង្កេតការណ៍ត្រួតពិនិត្យនៅពេលប្រឡង មានចំនួន ២០៦នាក់ ដែលមកពី ៧ស្ថាប័ន មាន អង្គភាពប្រឆំាងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និស្សិតសកលវិទ្យាល័យភ្នំពេញ និស្សិតសាកលវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និស្សិតអាហាររូបករណ៍សម្តេចតេជោ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបុគ្គលឯកជន។

ឯកឧត្តម ងួន សុជាតិ ចូលរួមបើកវិញ្ញាសានៅមណ្ឌលអនុវិទ្យាល័យដំរីជាន់ខ្លា

ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តម ហួន វ៉ាន់និត និង ឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្ត បានអញ្ជើញចូលរួមបើកវិញ្ញសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ មណ្ឌលវិទ្យាល័យកំពង់ធំ និងនៅមណ្ឌលអនុវិទ្យាល័យដំរីជាន់ខ្លា ៕

Related Post