រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីប្រកាស និងផ្ទេរភារកិច្ច អភិបាល និងអភិបាលរងស្រុកសន្ទុក

រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលស្រុកសន្ទុក បានរៀបចំពិធីប្រកាសតែងតំាង និងផ្ទេរភារកិច្ចជូនលោក ទូច សុខា ជាអភិបាលស្រុក ជំនួសលោក យស់ បញ្ញារិទ្ធ ដែលត្រូវទៅទទួលភារកិច្ចថ្មីនៅរដ្ឋបាលខេត្តកំពង់ធំ ប្រកាសតែងតំាងលោក ខ្ចៅ ប៊ុនហ៊ីម លោក អ៊ា គឹមឡូន និងលោកស្រី លឹម ផល្លា ជាអភិបាលរងស្រុក ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់មន្រ្តីទំាងអស់ ត្រូវសហការការងារជាមួយស្ថាប័ន ឬអង្គភាពនានាឲ្យបានល្អប្រសើរ ដើម្បីបង្កើនទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសលើវិស័យធនធានធម្មជាតិ ដូចជាការរុករានទន្រ្ទានដីព្រៃខុសច្បាប់ ការកើតមានការកាប់បំផ្លាញព្រៃឈើ សត្វព្រៃ ឲ្យប្រកបដោយប្រសិទ្ធភាព និងគុណភាព ឲ្យសមជាមន្រ្តីអនុវត្តច្បាប់ ដើម្បីឆ្លើយតបតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមទៀតថា រាល់សកម្មភាព និងការងារដែលបានអនុវត្តន៍កន្លងមករបស់រដ្ឋបាលស្រុក សូមលោកអភិបាលស្រុកថ្មីត្រូវអនុវត្តន៍ការងារនេះបន្តទៀត និងខិតខំថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងរកបញ្ហាដែលបានជួបប្រទះកន្លងមក រួមគ្នាជួយដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ត្រូវមានការទំនាក់ទំនងល្អ ជាមួយមន្ទីរអង្គភាព ក៏ដូចជានៅតាមរដ្ឋបាលឃុំផងដែរ ជាពិសេស កងកម្លំាងទំាងបីប្រភេទ ត្រូវគោរពនូវបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុក ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ឯកឧត្តម ឈុន ឈន់ បានស្នើឲ្យគ្រប់គណបក្សនយោបាយទំាងអស់ចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ហើយរដ្ឋបាលស្រុក ត្រូវខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញដែលជាតម្រូវការចំាបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង។

លោក ទូច សុខា ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថារួមគ្នាអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ ដើម្បីរួមចំណែកសម្រេច នូវចក្ខុវិស័យក្នុងការពង្រឹងសន្តិភាព ស្ថេរភាពសង្គម ជំរុញនូវការអនុវត្តកំណើនសេដ្ឋកិច្ចប្រកបដោយចេរភាព សីលធម៌ គោរពសិទ្ធិមនុស្ស និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ លើកកម្ពស់ស្មារតីប្រជាពលរដ្ឋឲ្យចេះធ្វើជាម្ចាស់លើខ្លួនឯង លើគ្រួសារ និងសង្គមជាតិ ដោយបណ្តុះមនសិកាស្រលាញ់ផលប្រយោជន៍ជាតិជាធំ៕

Related Post