រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងប្រតិភូវៀតណាម បាននាំយកអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០០គ្រួសារ នៅស្រុកប្រាសាទសំបូរ

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូ “ក្បួនរថយន្តមិត្តភាព” ដឹកនាំដោយលោកជំទាវ ង្វៀន ធិធូណា សមាជិកគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនីសវៀតណាម ប្រធានសហព័ន្ធនារីវៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ចមិត្តភាព នៅប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើកុះករ។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ បានសំដែងនូវការស្វាគមន៍ និងលើកឡើងថា អំណោយនេះ ត្រូវចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ ដែលមកពី៥ឃុំ ស្មើនឹង ៦១ភូមិ ក្នុងបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានដូចជា អង្ករ ២៥គីឡូក្រាម មី ១កេះ ត្រីខ ៦កំប៉ុង ប៊ីចេង ១កញ្ចប់ ស្ករសរ ១កញ្ចប់ ភួយ ១ សារ៉ុង ១ សាប៊ូ ៤គីឡូក្រាម និងថវិកាមួយចំនួនផងដែរ។

ក្នុងពិធីនេះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា នៅក្នុងខេត្តកំពង់ធំ មានរមណីយដ្ឋាន ចំនួន ៦ គឺរមណីយដ្ឋានវប្បធម៌ធម្មជាតិ ភ្នំសន្ទុក រមនីយដ្ឋានកែច្នៃស្ទឹងព្រៃប្រស់ រមណីយដ្ឋានកែច្នៃស្ទឹងជីនិត រមណីយដ្ឋានគុកនគរ រមនីយដ្ឋានកែច្នៃបឹងសំរឹទ្ធ និងរមណីយដ្ឋានសំបូរព្រៃគុក ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧កន្លងមកនេះ។

ឯកឧត្តមបន្ថែមទៀតថា ដំណើរទស្សនៈកិច្ចមិត្តភាព របស់គណៈប្រតិភូនាថ្ងៃនេះ រឹតតែពង្រឹងចំណងមេត្រីភាព របស់កម្ពុជា-វៀតណាម ដែលមានអាយុកាល៥០ឆ្នាំមកហើយ ឲ្យរឹងមាំនិងយូរអង្វែងតទៅមុខទៀត។

លោកជំទាវ ង្វៀន ធិធូណា ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានយកចិត្តទុកដាក់ និងស្វាគមន៍ ដំណើរទស្សនៈកិច្ចមិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ លើទឹកដីខេត្តកំពង់ធំនេះ និងនាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ ជាអំណោយរបស់សប្បុរសជនវៀតណាម តាមរយៈសហព័ន្ធនារីវៀតណាម ដោយយោងកិច្ចព្រមព្រាងសហប្រតិបត្តិការរវាងសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ជាមួយសហព័ន្ធនារីវៀតណាម ឆ្នាំ ២០១២-២០១៧ និងដើម្បីអបអរសាទរខួបទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា វៀតណាម។

Related Post