រដ្ឋបាលខេត្តកំពង់ធំ

SEARCH

បិណ្ឌទី១១ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តដួងសូរិយា ហៅវត្តក្តីដូង ក្នុងស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តដួងសូរិយា ហៅវត្តក្តីដូង ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទេយ្យវត្ថុរួមមាន អង្ករ ២០០គីឡូក្រាម ភេសជ្ជៈ ៥កេស ទឹកសុទ្ធ ១០កេស មី ១កេសធំ ស្មើនឹង ៦កេសតូច ត្រីខ ២យួរ ទឹកសេអ៊ីវ ២យួរ និងបច្ច័យចំនួន ១,៨០០,០០០រៀល ដើម្បីកសាងទីអារាមវត្តនេះ ឲ្យមានការអភិវឌ្ឍន៍កាន់តែប្រសើរឡើង ស្របពេលដែលប្រទេសកម្ពុជាទាំងមូល កំពុងតែមានសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័សនោះ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត ដែលបានចូលរួមដាក់បិណ្ឌ ប្រកបដោយទឹកមុខញញឹម ស្រស់ថ្លា និងកាយវិការប្រតិបត្តិ ធម្មទាន ដោយជ្រះថ្លា របស់ពុទ្ធបរិស័ទទាំងអស់ គឺពិតជាបានបញ្ជាក់ថា ប្រជាជនកម្ពុជា បាន និងកំពុងរស់នៅ ប្រកបដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ម្យ៉ាងទៀតបុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ ថែរក្សាទុកតាំងពីបុរាណកាលមក ហើយពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធចាប់គិតពីថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសល ជូនដល់បុព្វរីជន ដែលបានចែកឋាននៅកាន់បរមលោកទៅហើយ ដើម្បីទទួលបាន សេចក្តីសុខ សិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ ជាពិសេសសម្រាប់បងប្អូន កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ផងដែរ។

Related Post