រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ផ្ទះ ២ខ្នង និងគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រ និងផ្ទុកមេរោគអេដស៍ ចំនួន ៧៨គ្រួសារ នៅស្រុកសន្ទុក និងក្រុងស្ទឹងសែន

នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ បានប្រគល់ផ្ទះ២ខ្នង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្រីក្រ និងផ្ទុកមេរោគអេដស៍ ចំនួន ៧៨គ្រួសារ នៅស្រុកសន្ទុក និងក្រុងស្ទឹងសែន។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា នេះគឺជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរខេត្ត ក្រុមការងារចុះជួយឃុំ និងសប្បុរសជន ជូនប្រជាពលរដ្ឋទីទ័លក្រ ដែលកំពុងជួបការលំបាក ក្រោមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមនៅជាមួយបងប្អូនជានិច្ច”។

ឯកឧត្តមន្ថែមថា នេះគឺជាការអនុវត្ត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ សប្បុរសធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានការបាទក្រហមកម្ពុជា បូករួមជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងសប្បុរជន ជាបុគ្គល ជាអង្គភាពក្រុមហ៊ុន និងជាអង្គការសង្គមស៊ីវិល។

ឯកឧត្តម បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព ពិសារអាហារឆ្អិនល្អ ផឹកទឹកស្អាត រស់នៅមាន អនាម័យដើម្បីបញ្ជៀសជម្ងឺឆ្លង ហើយបើមានជំងឺឈឺថ្កាត់ឲ្យទៅព្យាបាល នៅមន្ទីរពេទ្យជាបន្ទាន់ ហើយចាំបន់ស្រន់តាមទំនៀមទំលាប់ប្រពៃណីជាក្រោយ និងទំលាប់ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជានិច្ច ។

បញ្ជាក់ផងដែរថា អំណោយដែលបានទទួលបានក្នុងមួយគ្រួសារមានអង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១យួរ រួមទាំងឃីឌមួយកញ្ចប់ ដោយឡែកបានប្រគល់ផ្ទះមួយខ្នងទំហំ ៤គុណ ៦ ដល់លោក សុខ សាន ភរិយា ឈ្មោះ អ៊ីវ សុកាន មានមុខរបរធ្វើអំបោសគៀវត្នោតលក់ មានកូន៣នាក់ នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក និងខ្នងផ្ទះទី២ ធ្វើអំពី ឈើប្រកស័ង្ខសី ត្រូវបានប្រគល់ ជូនគ្រួសារទីទ័លក្រ ប្តីឈ្មោះ វង់ ចូវ អាយុ ៤៥ ប្រពន្ធឈ្មោះ ធួន សាវឿន អាយុ ៤០ឆ្នាំមាន កូនស្រី៣នាក់ រស់នៅក្នុងភូមិបល្ល័ង្កលិច ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

Related Post