រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ នាំយកគ្រឿងបរិភោគ និងថវិកា ប្រគល់ជូនក្រុមកីឡាករអុំទូក ចំនួន ៤៦ទូក មុនចេញប្រកួតនៅថ្ងៃស្អែក

នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយតំណាងកីឡាករអុំទូក ដែលមកពីបណ្តាក្រុងស្រុក ក្នុងខេត្តកំពង់ធំ ដើម្បីប្រកកួតប្រជែងជ័យលាភីថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ ដោយមានទូកចូលរួមចំនួន ៤៦ទូក ក្នុងនោះ ទូកវែង ចំនួន ១០ ទូកមួងបុរស ចំនួន ០២ ទូកខ្នាតអន្តរជាតិ ១៨ និងទូកផ្កាចា ១៦ទូក ដែលមានចំនួនកីឡាករ ១,៣៤១នាក់។

ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុក ត្រូវយកចិត្តទុកដាក់ដល់ចំណុះទូករបស់ខ្លួន និងបានជំរុញឲ្យក្រុមកីឡាករទាំងអស់ ត្រូវទទួលទានអារហារឲ្យបានត្រឹមត្រូវ ហូបស្អាត ផឹកស្អាត ដោយរក្សានូវអនាម័យ គោរពវិន័យជាអ្នកកីឡាករ កុំសេពគ្រឿងស្រវឹង ស្តាប់តាមការណែនាំ របស់អ្នកដឹកនាំក្រុម ត្រូវចេះថែរក្សាសុវត្តិភាពរបស់ខ្លួន មិនត្រូវបង្កជម្លោះជាមួយមិត្ត និងក្រុមកីឡាករដទៃនោះទេ ជាពិសេសមុនពេលប្រណាំងត្រូវស្លៀកពាក់អាវកីឡាករដែលអាជ្ញាធរបានចែកជូន ម្យ៉ាងវិញទៀតត្រូវខិតខំយកជ័យជនះឲ្យខានតែបាននៅពេលប្រណាំង ជាពិសេសត្រូវរក្សានូវ គុណធម៌ សីលធម៌ រក្សាកំលាំង សុខភាព សាមគ្គីភាព រឿងឈ្នះចាញ់ជារឿងធម្មតា មិនមែនយកឈ្នះចាញ់ស្លាប់រស់នោះទេ។

ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយចែកជូនដល់កីឡាករអុំទូក ដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ សាច់ជ្រូក ដើម្បីត្រៀមទុកបម្រុងបរិភោគ សម្រាប់ការប្រកួត ក្នុងពិធីប្រណាំងទូក និងបណ្ដែតប្រទីប និងអាវ មួក ព្រមទំាងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថាៈ ១). នៅរាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ម៉ោង៧:០០នាទី បណ្តែតប្រទីបតាមដងស្ទឹងសែន ត្រង់ចំណុចសួនកំពង់ក្របៅ និងបន្តដោយការបាញ់កាំជ្រួចអបអរសាទរនៅម៉ោង៧:៣០នាទី។ ២). រាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧:៣០នាទី មានបាញ់កាំជ្រួចអបអរសាទរបិទពិធីបុណ្យអុំទូក៕

Related Post