រដ្ឋបាលខេត្តកំពង់ធំ

SEARCH

កិច្ចប្រជុំពិភាក្សា និងដោះស្រាយករណីទំនាស់ដីធ្លី ចំនួន ៩ករណី នៅខេត្តកំពង់ធំ

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំពិភាក្សា និងដោះស្រាយករណីទំនាស់ដីធ្លីចំនួន ៩ករណី ក្រោមអធិបតីភាព ឯកឧត្តម ទា ចាន់លីដា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាដីធ្លី នៅក្នុងខេត្តកំពង់ធំនេះ។ ឯកឧត្តមបញ្ជាក់ថា បញ្ហាដីធ្លីនេះ គឺជារឿងរ៉ាវយូរយាណាស់មកហើយ មិនមែនទើបតែកើតឡើងថ្មីៗនេះទេ តាំងពីឯកឧត្តម នៅជាអភិបាលរងខេត្ត។ ដូច្នេះដើម្បីឲ្យបញ្ហាទំនាស់ដីធ្លី ដោះស្រាយទៅបាន សូមលោកអភិបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងមន្ត្រីជំនាញក្រោមឱវាទ និងត្រួតពិនិត្យការងារនេះឡើងវិញ ក្នុងនោះសូមអាជ្ញាធរក្រុងស្រុក ត្រូវសហការជាមួយមន្ទីរជំនាញ ក្នុងការចុះធ្វើអត្តសញ្ណាញកម្មដីធ្លី ធ្វើបច្ចុប្បន្នភាព ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលទីទ័លក្រ មិនមានដីពិតប្រាកកដ ជាពិសេសត្រូវស្វែងរក មុខសញ្ញាជនខិលខូច មិនឲ្យមានបន្តធ្វើសកម្មភាពនេះបន្តទៀតទេ ត្រូវមានវិធានការចាត់ការតាមផ្លូវច្បាប់។

ក្រោយពីការពិភាក្សាយ៉ាងម៉ត់ចត់រួចមក ឯកឧត្តម ទា ចាន់លីដា មានប្រសាសន៍លើកឡើងថា ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លី ប្រកបដោយប្រសិទ្ធិភាព សូមក្រុមការងារ ត្រូវពិនិត្យមើលទីតំាងទំនាស់ដីធ្លីជាក់ស្តែង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមិនមានដី សម្រាប់សាងសង់លំនៅដ្ឋាន និងអាស្រ័យផល គឺត្រូវដាក់ស្នើសុំមកអាជ្ញាធរខេត្ត ដើម្បីក្រុមការងាររៀបចំឯកសារ ស្នើសុំបញ្ជូនទៅក្រសួង ធ្វើការដោះស្រាយរកដីសម្បទានសង្គមកិច្ច ជូនពួកគាត់ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

ម្យ៉ាងវិញទៀត ឯកឧត្តម បានជំរុញឲ្យក្រុមការងារពន្លឿនក្នុងការចុះធ្វើអត្តសញ្ញាណកម្មដីធ្លីឡើងវិញ ឲ្យបានច្បាស់លាស់ និងកំណត់យន្តការឲ្យបានម៉ត់ចត់ ដើម្បីជៀសវាងជនខិលខូចឆ្លៀតឱកាស ធ្វើសកម្មភាពរំលោភបំពាន យកដីសម្បទានសង្គមកិច្ច តាមរយៈការយកឈ្មោះប្រជាជន ដើម្បីយកដីសម្បទានសង្គមកិច្ចនេះ ធ្វើជាកម្មរបស់ខ្លួន ឬលក់បន្តទៅអ្នកផ្សេង។

Related Post