រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ៥ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ

ដើម្បីតបស្នងព្រះករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាល របស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជជាតិ បូរណភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៧ រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប ៥ឆ្នាំ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ វិមាន អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ។

សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រជារាស្ត្រខ្មែរទូទាំងប្រទេស ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្ តរបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដែលនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយព្រះទិវង្គត នៅវេលាម៉ោង ១:២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ ដែលព្រះអង្គបានលះបង់ និងបានក្រាបថ្វាយព្រះពរដល់ព្រះវិញ្ញាណក្ខន្តរបស់ព្រះអង្គ បានយាងទៅសោយសុខនៅឋានសួគ៌ា។

បើទោះបីព្រះអង្គបានរំលាយក្ខន្ធ និងព្រះកាយទៅកាន់ព្រះបរមសុខយ៉ាងណាក្តី តែប្រជារាស្រ្តខ្មែរនៅតែចងចាំ នូវស្នាព្រះហស្ថ និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ។ ក្នុងនោះរាជរដ្ឋាភិបាល បានសម្រេចជ្រើសយកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឲ្យប្រជាពលរដ្ឋខ្មែរបានឈប់សម្រាក ដើម្បីចូលរួមកាន់ព្រះមរណទុក្ខនៃការយាងសោយទិវង្គតរបស់ព្រះអង្គ។

Related Post