រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាសាលាខេត្ត នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងគោលបំណងដើម្បីបង្កើនភាពស្និទស្នាល និងផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ ឯកឧត្តម សុខ លូ បានកោតសរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ច ទៅតាមលក្ខណការងាររបស់ខ្លួនដែលថ្នាក់លើបានកំណត់ ជាពិសេសត្រូវគោរពវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីពង្រឹងការងារក្នុងរដ្ឋបាលខេត្ត និងមានការទំនាក់ទំនងល្អជាមួយអង្គភាពមន្ទីរជុំវិញខេត្ត ដើម្បីបម្រើសេវាសាធារណៈជូនអ្នកប្រើប្រាស់ ឲ្យកាន់តែប្រសើរ និងទាន់ពេលវេលា។

ទន្ទឹមនឹងនោះ ឯកឧត្តម បានជំរុញឲ្យមន្ត្រីទំាងអស់ ខិតខំរៀនសូត្រ សិក្សាស្វែងយល់ និងចូលរួមវគ្គជំនាញខ្លីៗ តាមរយៈវគ្គបណ្តុះបណ្តាលក្តី ខ្លួនឯងក្តី ដើម្បីក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម តាមបច្ចេកវិទ្យាជឿនលឿន សំដៅយ៉ាងណាឲ្យទទួលបាននូវប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរឡើង ដើម្បីធានាដល់ការបំពេញការងារឲ្យរដ្ឋបាលខេត្តទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

ក្នុងនោះដែរ ឯកឧត្តមបានជម្រាបជូនពីសភាពការណ៍ថ្មីៗ នៃការធ្វើបដិវត្តន៍ពណ៌នៅតាមបណ្តាប្រទេសមួយចំនួនដែលគេធ្វើបានជោគជ័យជាក់ស្តែង (ស៊ីរី លីប៊ី ប៉ាគីស្ថាន អីរ៉ាក់ យូហ្គូស្លាវី យេមែន) ដែលធ្វើឲ្យប្រទេសធ្លាប់តែជឿនលឿន សុខសាន្ត ប្រែក្លាយមួយប៉ប្រិចភ្នែកសោះ ទៅជាប្រទេសមានសង្គ្រាម ស្លាប់អស់ប្រពលរដ្ឋស្លូតត្រង់ និរាសព្រាត់ប្រាស់ ត្រូវគេគ្រប់គ្រងប្រទេសរបស់ខ្លួនបានដោយសេរី។ ហើយសភាពការណ៍ថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជា ក៏មានបំណងចង់ធ្វើបដិវត្តន៍ពណ៌ ដើម្បីទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់សព្វថ្ងៃ និងចង់បំផ្លាញប្រទេសជាតិដែរ ប៉ុន្តែត្រូវបរាជ័យ ដោយមិនមានការគាំទ្រពីប្រជាពលរដ្ឋ និងមានការខិតខំថែរក្សាសន្តិសុខ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនអាចអោយជនណាមកបំផ្លាញប្រទេសមួយនេះដែលមានសុខសន្តិភាព នឹងការអភិវឌ្ឍន៍ បាននោះទេ ហើយប្រទេសមួយនេះក៏ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនរួចមកហើយដែរ អ្វីដែលប្រជាជនត្រូវការគឺសុខសន្តិភាព មិនត្រូវការសង្គ្រាមតទៅទៀតទេ ។

Related Post