រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្រ្តីរាជការជុំវិញខេត្ត និងកម្លំាងប្រដាប់អាវុធទំាងបីរប្រភេទ ប្រារព្ធពិធីអបអរសាទរថ្ងៃឯករាជ្យជាតិខួបលើកទី៦៤

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និង ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៧) ដែលធ្វើឡើង នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្តូបវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ថ្ងៃនេះគឺជាទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧) ដែលប្រព្រឹត្តទៅស្របជាមួយទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ គឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។

ដូច្នេះដើម្បីបន្តនូវគំរូវីរភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។

ឯកឧត្តម បន្ថែមទៀតថា ទិវាបុណ្យឯករាជ្យជាតិនិងទិវាខួបកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះ បានឆ្លុះបញ្ចាំង ពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូល ដែលបានឆ្លងកាត់ដំណាក់កាលមួយ ទៅដំណាក់កាលមួយប្រកបដោយភាពបត់បែន នៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើន ជាពិសេស ឆ្លងកាត់រយៈពេល ៦៤ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះ គឹនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធ របស់ជាតិកម្ពុជាជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហាន ដែលប្រសូត្រចេញពីប្រជាជន ដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរ នៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជន អ្វីៗទាំងអស់ដើម្បីបម្រើ ឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត សម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះវិញ្ញាណខ័ន្ត ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ និងចំពោះវិញ្ញាណខ័ន្តអ្នកស្នេហាជាតិខ្មែរយើង គ្រប់ជំនាន់ និងសូមថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ ដែលបានបំពេញ នូវសកម្មភាពជាប្រវត្តិសាស្ត្ររបស់ខ្លួន ប្រកបដោយស្មារតីពលិកម្មដ៏ឧត្តុងឧត្តម ចាប់តាំងពីពេលកសាងឡើងនាថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ១៩៥៣មកដល់បច្ចុប្បន្ន។

Related Post